(បរទេស)៖ សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអាហ្រ្វិក CAF បានប្រកាសកាលពីថ្ងៃសុក្រថា លោក Patrice Motsepe មហាសេដ្ឋីរបស់ប្រទេសអាហ្រ្វិកខាងត្បូងបច្ចុប្បន្ន នឹងបន្តឈរឈ្មោះបោះឆ្នោត សម្រាប់តំណែងប្រធាន CAF ក្នុងអាណត្តិទី២ របស់លោកទៀតនាឆ្នាំក្រោយ។
ពីគេហទំព័រ Reuters បានចេញផ្សាយថា មហាសេដ្ឋីទី១ ប្រចាំតំបន់អាហ្វ្រិកដែលមានប្រាក់ប្រមាណ ៣ពាន់លានដុល្លាររូបនេះ ត្រូវបានបោះឆ្នោតជាប់ជាប្រធាន CAF ក្នុងអាណត្តិទី១ របស់លោកកាលពីខែមីនា ឆ្នាំ២០២១ ដោយគ្មានគូប្រដែង និងមានការជ្រោមជ្រែងយ៉ាងពេញទំហឹងពីប្រធាន FIFA បច្ចុប្បន្ន គឺលោក Gianni Infantino ថែមទៀតផង។
បើយោងតាមសេចក្តីថ្លែងការណ៍ដែលបង្ហោះលើនៅលើវេបសាយរបស់ CAF បានបញ្ជាក់ថា «ដោយមានការគាំទ្រពីបណ្តាសមាជិករបស់ប្រតិបត្តិ CAF និងសមាជិកសហព័ន្ធដទៃក្នុងតំបន់ លោកបណ្ឌិត្យ Patrice Motsepe បានយល់ព្រម ក្នុងការបន្តឈរឈ្មោះបោះឆ្នោតក្នុងអាណត្តិទី២ ទៀត ដែលនឹងបោះឆ្នោតផ្លូវការនាខែមីនា ឆ្នាំ២០២៥ ខាងមុខ»។
សេចក្តីថ្លែងការណ៍ដដែលក៏បានបន្ថែមទៀតថា គិតមកទល់នឹងពេលនេះ ពុំទាន់មានបេក្ខភាពណាមួយចូលរួមប្រជែងតំណែងប្រធាន CAF ទល់នឹងបុរសវ័យ ៦២ឆ្នាំ Montsepe នោះទេ ដ្បិតការទទួលពាក្យសុំប្រកួតប្រជែងនឹងត្រូវបិទនៅ ៤ខែ មុនពេលបោះឆ្នោត។
គួរបញ្ជាក់ផងថា លោក Motsepe បានក្លាយជាប្រធាន CAF ជំនាន់ទី៧ នៅក្នុងប្រវត្តិសាស្រ្តសហព័ន្ធប្រចាំតំបន់អាហ្រ្វិកមួយនេះ គិតចាប់តាំងពីសហព័ន្ធនេះត្រូវបានបង្កើតឡើងនាឆ្នាំ១៩៥៦ មក៕