(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា U17 ប៉ះហ្វីលីពីន ជាជំនួបចុងក្រោយក្នុងការប្រកួតវគ្គជម្រុះ AFC U17 Asian Qualifiers ស្ថិតក្នុងពូល B ជាមួយការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ៧:០០នាទីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នេះ នៅកីឡដ្ឋានព្រីន៍ស ។
ក្នុងនោះ សម្រាប់សំបុត្រចូលមើលការប្រកួតមានដាក់លក់នៅកីឡដ្ឋានព្រីនស៍ ចាប់ពីម៉ោង ៩:០០នាទីព្រឹកតទៅ ដែលតម្លៃសំបុត្រប្រភេទ Zone A មានតម្លៃ ២០,០០០ រៀល និងសំបុត្រប្រភេទ Zone B មានតម្លៃ ១០,០០០ រៀល ហើយសំបុត្រមួយអាចទស្សនាបាន ២ប្រកួត ។
រំលឹកផងថា ក្រោយឆ្លងកាត់ ៣ប្រកួតកន្លងមកនេះ ក្រុមម្ចាស់ផ្ទះ U17កម្ពុជា កំពុងឈរលេខ២ ក្នុងតារាងពិន្ទុមាន ៦ពិន្ទុ ស្មើជាមួយក្រុមបង់ក្លាដេស ដែលត្រូវប៉ះជាមួយក្រុមអាហ្វហ្គានីស្ថាន ឈរទីកំពូលតារាងមាន ៩ពិន្ទុពេញ នារសៀលនេះផងដែរ ដ្បិតក្រុមហ្វីលីពីន រកបាន ៣ពិន្ទុ និងក្រុមម៉ាកាវ បញ្ចប់ទៅដោយគ្មានពិន្ទុរាប់ ។
នេះជាមួយប្រកួតកាត់សេចក្តីរបស់ក្រុម U17កម្ពុជា ក្នុងចាប់យកឱកាសឡើងវគ្គបន្ត ប្រសិនជាអាចយកឈ្នះក្រុមហ្វីលីពីន ជាច្រើនគ្រាប់ឡើងទៅនេះគ្រាប់បាល់ចំណេញពីការប្រកួត ក្នុងតំណែងជាក្រុមលេខ២ ល្អ ដែលពេលនេះកំពុងឈរលេខ៧ (Ranking of Second-placed teams) បន្ទាប់ពីលេង ៣ប្រកួតក្នុងពូលមានឈ្នះ២ ចាញ់១ ៕