(ភ្នំពេញ)៖ កម្មវិធីរត់ (Orkide Fun Run រត់ក្នុងសហគមន៍ដើម្បីសុខភាព) បានបញ្ចប់ដោយជោគជ័យជាមួយស្នាមញញឹមមានអ្នកចូលរួមរត់យ៉ាងច្រើនកុះករប្រមាណជាង ៦០០នាក់ ធ្វើឡើងនៅ Orkide The Botanic ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ6A សង្កាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ។
កម្មវិធីរត់ (Orkide Fun Run រត់ក្នុងសហគមន៍ដើម្បីសុខភាព) បានរៀបចំឡើងក្រោមកិច្ចសហការពីក្រុមហ៊ុន Orkide Development រួមជាមួយដៃគូសហការផ្សេងៗទៀត ដូចជាក្រុមរត់ KKRC, ក្រុមហ៊ុន Forte និងក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជាមួយការរត់មាន ៣ វិញ្ញាសា មានចំងាយ ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ ។
នេះគឺជាលើកទី១ សម្រាប់ការរៀបចំកម្មវិធីរត់ក្នុងសហគមន៍នេះ ជាការផ្តួចផ្តើមឡើងដោយក្រុមហ៊ុន Orkide Development ដែលមិនត្រឹមតែជាកម្មវិធីរត់តែមួយមុខប៉ុណ្ណោះទេ គឺជាគោលបំណងនៃកម្មវិធីរត់ក្នុងសហគមន៍ ដើម្បីរឹតចំណងទំនាក់ទំនងរវាង អតិថិជនរស់នៅក្នុងបុរី ក្រៅបុរី ក្រុមអ្នករត់ ព្រមទាំងសាធារណជន និងដើម្បីលើកកម្ពស់ទាំងសុខភាព និងសុខុមាលភាពក្នុងការរស់នៅ ដែលនេះពិតជាស្របទៅតាមចក្ខុវិស័យរបស់ក្រុមហ៊ុន Orkide Development ក្នុងការយកចិត្តទុកដាក់លើការរស់នៅរបស់អតិថិជនយ៉ាងពិតប្រាកដ ៕