(ភ្នំពេញ)៖ បើយើងនិយាយអំពីសកម្មភាពដែលបង្កឱ្យបុគ្គលណាម្នាក់មានរបួសលើរូបរាងកាយ ភាគច្រើនប្រាកដជាមានការយល់ឃើញថា សកម្មភាពបែបនេះ គឺកើតឡើងក្នុងរូបភាពមួយដែលបុគ្គលណាម្នាក់មានចេតនាធ្វើសកម្មភាពអ្វីម្យ៉ាងដើម្បីឱ្យបុគ្គលម្នាក់ទៀត រងរបួស ។
ក៏ប៉ុន្តែការបង្កឱ្យបុគ្គលណាម្នាក់មានរបួសលើរូបរាងកាយ ក៏អាចកើតមានឡើងបានផងដែរ ក្នុងរូបភាពអចេតនា ហើយនៅក្នុងរូបភាពនេះទៀតសោត បុគ្គលដែលជាជនបង្ក គឺមិនមានចេតនា ក្នុងការបង្កឱ្យបុគ្គលណាម្នាក់មានរបួសលើរូបរាងកាយឡើយ តែក្នុងរូបភាពបែបនេះគឺភាគច្រើនកើតឡើងតាមរយៈសកម្មភាពរបស់បុគ្គលណាម្នាក់ដែលបានកំពុងប្រព្រឹត្តដោយមានការធ្វេសប្រហែស មិនប្រុងប្រយ័ត្ន ឬខ្ជីខ្ជា ម្យ៉ាងវិញទៀតក៏អាចកើតឡើងពីការបំពានលើកាតព្វកិច្ចសន្តិសុខ ឬ កាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវក្នុងការបំពេញការងារ ឬសកម្មភាពណាមួយរបស់ខ្លួន ។
តើបុគ្គលដែលបង្កឱ្យមានរបួសដោយអចេតនាលើរូបរាងកាយអ្នកដទៃ ដូចបានលើកឡើងខាងលើនេះ ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដែរ ឬទេ ? ហើយប្រសិនបើត្រូវទទួលខុសត្រូវព្រហ្មទណ្ឌ តើច្បាប់បានកំណត់អំពីការទទួលខុសត្រូវនោះយ៉ាងដូចម្តេច ?
ដើម្បីលម្អិតឱ្យកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ បានលើកយកប្រធានបទស្តីពី «បទបង្កឱ្យមានរបួសដោយអចេតនា» មកធ្វើការបង្ហាញជូនសាធារណជន សិស្ស និងនិសិ្សតទាំងអស់គ្នា ដូចខាងក្រោម។
ដោយសង្កេតឃើញថា ការប្រព្រឹត្តសកម្មភាពអ្វីមួយ ដោយមានការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ជីខ្ជា និងការបំពានលើកាតព្វកិច្ចសន្តិសុខ ឬ កាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ គឺជាហេតុដែលនាំឱ្យមានមនុស្សរងរបួសដោយសារទង្វើទាំងនោះ ទាំងដែលអ្នកបានប្រព្រឹត្តទង្វើនោះមិនមានចេតនា ឬមិនមានឆន្ទៈក្នុងការបង្កឱ្យអ្នកណាម្នាក់រងរបួសក៏ដោយ ក៏សកម្មភាពមួយនោះត្រូវបានក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា កំណត់ជាបទល្មើសព្រហ្មទណ្ឌផងដែរ ដោយចាត់ទុកថាសកម្មភាពនោះជា បទល្មើសបង្កឱ្យមានរបួសដោយអចេតនា ។
យោងតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ២៣៦ បានបញ្ញត្តិថា ៖ បទល្មើសបង្កឱ្យមានរបួសដោយអចេតនា គឺជាអំពើដែលបណ្ដាលឱ្យមានរបួសដល់អ្នកដទៃដោយ៖
១៖ ការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬ ការខ្ជីខ្ជាដែលបង្កឱ្យមានអសមត្ថភាពក្នុងការងារស្មើ ឬ លើស ៨(ប្រាំបី) ថ្ងៃ ។
២៖ ការបំពានលើកាតព្វកិច្ចសន្តិសុខ ឬ កាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ ។
បទបង្កឱ្យមានរបួសដោយអចេតនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៤.០០០.០០០ (បួនលាន) រៀល ។
ជាឧទាហរណ៍ លោក «ក» បានឃើញសត្វចាបមួយក្បាល កំពុងទុំលើមែកឈើក្បែរផ្លូវ ដោយពេលនោះ លោក «ក»ក៏បានទាញដុំថ្មមួយដុំ ដើម្បីគប់សត្វចាបនោះ តែដុំថ្មនោះមិនបានត្រូវសត្វចាបនោះឡើយ បែរជាទៅធ្លាក់ត្រូវចំក្បាលរបស់លោក «ខ» ដែលជាអ្នកកំពុងធ្វើដំណើរតាមផ្លូវនោះទៅវិញ ។ ក្នុងករណីខាងលើនេះ បានស្តែងឱ្យឃើញពីបទល្មើសបង្កឱ្យមានរបួសដោយអចេតនា ដែលបណ្ដាលមកពីការធ្វេសប្រហែស និងខ្វះការប្រុងប្រយ័ត្នរបស់លោក «ក» ដែលជាហេតុនាំឱ្យលោក «ខ» រងរបួសបែកក្បាល ។
សរុបជារួមមក ការធ្វើសកម្មភាពណាមួយដោយអចេតនា ឬគ្មានឆន្ទៈក៏ដោយ តែសកម្មភាពមួយនោះបានធ្វើឱ្យ
ប៉ះពាល់ដល់អ្នកដទៃ និងសង្គមជាតិ ហើយច្បាប់បានចែងថាជាបទល្មើស បុគ្គលនោះនឹងត្រូវទទួលខុសត្រូវទៅតាមច្បាប់ដែលបានបញ្ញត្តិ ។ ថ្វីបើបទល្មើសមួយនេះមិនធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សក៏ពិតមែន ក៏ប៉ុន្តែវាក៏ជាកត្ដាមួយ ដែលមិនល្អធ្វើឱ្យប៉ះពាល់ដល់មនុស្សរស់នៅក្នុងសង្គមផងដែរ ។
គួរបញ្ជាក់បន្ថែមថា នៅពេលដែលក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បានចែងអំពីបទល្មើសខាងលើនេះ ព្រមទាំងបានធ្វើការផ្ដន្ទាទោសទៅលើជនល្មើសថែមទៀតនោះ វាពិតជាបានជួយដល់សង្គមក្នុងការកាត់បន្ថយនូវគ្រោះថ្នាក់មួយចំនួនដែលកើតមានឡើងដោយសារការធ្វេសប្រហែស និងខ្វះការប្រុងប្រយ័ត្ន ឬក៏ខ្ជីខ្ជា និងការបំពានលើកាតព្វកិច្ចសន្តិសុខ ឬ កាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវរបស់មនុស្សដែលរស់នៅក្នុងសង្គមផងដែរ ។
រៀបរៀងដោយ៖ លោកស្រីមេធាវី យ៉េ នីតា និងលោក រៀម គីមឡេង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com, ទំព័រហ្វេសប៊ុក៖ Cambodia International Cooperation Law Firm ៕