(ឡុងដ៍)៖ ១គ្រាប់ចុងម៉ោងនៅនាទី៨១ របស់ខ្សែប្រយុទ្ធ Mohamed Salah បានជួយឱ្យហង្សក្រហម Liverpool បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ ទល់នឹងម្ចាស់ផ្ទះ Arsenal នៅរាត្រីថ្ងៃអាទិត្យ ដើម្បីបាន ១ពិន្ទុវិញត្រឡប់មកផ្ទះវិញផងដែរ ក្នុងលីគ Premier League 2024-2025។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ១គ្រាប់តាមស្មើរបស់កីឡាករអេហ្ស៊ីបខាងលើនៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៦ម៉ឺននាក់ គឺជាការបញ្ជូនរបស់ Darwin Nunez ក្រោយពេលក្រុមភ្ញៀវមួយនេះត្រូវបានម្ចាស់ផ្ទះកាំភ្លើងធំនាំមុខ ២-១ ក្នុងកីឡដ្ឋាន Emirates នៃការប្រកួតសប្តាហ៍ទី៩ ជើងទី១។
តែយ៉ាងណា ក្រុមលេខ៣ ក្នុងលីគរដូវកាលមុនមួយនេះ ក៏បានខកខានឱកាសឡើងទៅឈរទីកំពូលតារាងវិញដែរ ដ្បិតទើបរកបាន ២២ពិន្ទុ នៅពេលក្រុមការពារតំណែងជើងឯក Manchester City ឈរកំពូលតារាងដោយមាន ២៣ពិន្ទុ ក្រោយលេងឈ្នះ Southampton ១-០ កាលពីរាត្រីថ្ងៃសៅរ៍នៅ Etihad។
Arsenal របស់លោក Mikel Arteta ដែលបាននាំមុខ ២-១ តាំងពីវគ្គទី១ មកនោះ បានជួបបញ្ហាខ្សែការពារ ២នាក់រងរបួសនៅវគ្គទី២ មានដូចជា Gabriel និង Jurrien Timber គ្រាដែល William Saliba កំពុងជាប់បម្រាមផងនោះ បានរងសម្ពាធយ៉ាងខ្លាំងពីក្រុមរបស់លោក Arne Slot រហូតធ្លាយ ១គ្រាប់ចុងម៉ោង និងស្គាល់រសជាតិស្មើជាលើកទី៣ ដោយឈរនៅលេខ៣ និងមាន ១៨ពិន្ទុបណ្តោះអាសន្ន៕