(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង បានធ្វើដំណើរទៅប្រទេសម៉ុងហ្គោលីហើយ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ដើម្បីចូលរួមការប្រកួតជើងឯកក្លិបបាល់ទាត់លំដាប់ទី៣ ទ្វីបអាស៊ី (AFC Challenge League) ឆ្នាំ២០២៤/២៥ ពូល E ជាមួយក្លិបរបស់ម្ចាស់ផ្ទះម៉ុងហ្គោលី SP Falcons និងក្លិបឥណ្ឌូនេស៊ី Madura United។
មុនដឹកនាំក្រុមចាកចេញពីកម្ពុជា លោក Josep Munoz គ្រូបង្វឹកស្វាយរៀងបានចាត់ទុកនេះ គឺជាបទពិសោធន៍ថ្មីសម្រាប់ក្លិប និងកីឡាករ ដែលត្រូវលេងពានកម្រិតទ្វីប ជាមួយគូប្រជែងដែលមានកម្រិតប្រកួតប្រជែងខ្លាំងលើទីលាន ស្របពេលមានបញ្ហាប្រឈម២ ដែលក្រុមត្រូវជម្នះ គឺបញ្ហាអាកាសធាតុដ៏ត្រជាក់ និងទីលាន ដែលត្រូវប្រកួតលើទីលានស្មៅសិប្បនិម្មិត។
ស្របពេលការប្រកួតបើកឆាកពូល E រវាងក្រុម Madura United និង SP Falcons បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ០-០ កាលពីរាត្រីថ្ងៃ២៧ ខែតុលាម្សិលមិញ លោក Josep Munoz បានបង្ហើបថា ក៏មានក្រុមការងារគ្រូតាមដានការប្រកួតនេះដែរ ហើយមើលឃើញក្រុមទាំងពីរ សុទ្ធតែមានការប្រកួតប្រជែងខ្លាំង ពិសេសកីឡាករម៉ុងហ្គោលី ដែលហ៊ានលេង ពិសេសនៅពេលមានបាល់ក្នុងតំបន់ប្រយុទ្ធ។
យ៉ាងណាការដឹងពីស្ថានភាពលំបាក ក៏ដូចជាកម្រិតរបស់គូប្រជែង គឺការជំរុញទឹកចិត្តមួយសម្រាប់ព្រះខ័នរាជស្វាយរៀង ក្នុងការត្រៀមលក្ខណៈតតាំងជាមួយក្រុមទាំងពីរ ដោយត្រូវលេងឱ្យខ្លាំង ដូចអ្វីដែលគូប្រជែងបានបង្ហាញ ដ្បិតលោកមិនធ្លាប់ជួបក្រុមលេងខ្លាំងបែបនេះទេ តាំងពីរដូវកាលមុន និងរដូវកាលនេះ។ យ៉ាងណាលោកប្ដេជ្ញានឹងខំប្រឹងធ្វើឲ្យបានល្អ ដើម្បីនាំមកនូវលទ្ធផលល្អជូនអ្នកគាំទ្រ និងឈានទៅជុំបន្ទាប់។ លោក Josep Munoz បន្ថែម។
គួរដឹងថា ក្រោយធ្វើដំណើរដល់ម៉ុងហ្គោលី ក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ SP Falcons នាថ្ងៃទី៣០ ខែតុលា វេលាម៉ោង ២រសៀល (ម៉ោងនៅកម្ពុជា) មុនបន្ដជួបក្រុម Madura United នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ នាវេលាម៉ោង ២រសៀល (ម៉ោងនៅកម្ពុជា) ដូចគ្នា។ សម្រាប់ពូល E នេះ គឺមាន ៣ក្រុម ខណៈក្រុមលេខ១ និងលេខ២ ក្នុងពូល នឹងបានឡើងទៅវគ្គ ៨ក្រុមចុងក្រោយ៕