(បរទេស)៖ សេវាកម្មតាក់ស៉ីគ្មានមនុស្សបើក Waymo របស់ក្រុមហ៊ុន Alphabet ប្រកាសពីការប្រមូលមូលនិធិបានចំនួន ៥.៦ ពាន់លានដុល្លារបន្ថែម ដើម្បីពង្រីកអាជីវកម្ម ខណៈគម្រោងប្រភេទនេះកំពុងតែមានការប្រកួតប្រជែងខ្លាំងក្នុងទឹកដីអាមេរិក។ ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ កំពុងវិនិយោគលើសេវាកម្មតាក់ស៉ីគ្មានមនុស្សបើក (Robotaxis) ដើម្បីទាញយកប្រយោជន៍ពីបច្ចេកវិទ្យានេះ និងជំរុញភាពជោគជ័យផ្នែកពាណិជ្ជកម្ម ទោះបីជាប្រឈមនឹងបទប្បញ្ញត្តិតឹងរ៉ឹងមួយចំនួនក៏ដោយ។
បើតាមការចេញផ្សាយដោសសារ័ត៌មាន Reuters នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថា មូលនិធីនៃគម្រោងវិនិយោគនេះមានការចូលរួមពីក្រុមហ៊ុនធំៗជាច្រើន រួមមាន Andreessen Horowitz, Fidelity, Perry Creek, Silver Lake, Tiger Global និង T. Rowe Price ជាដើម។ ក្រុមហ៊ុនបានប្រកាសថា «ជាមួយនឹងការវិនិយោគចុងក្រោយនេះ យើងនឹងបន្តស្វាគមន៍ពង្រីកសេវាកម្មដល់អ្នកដំណើរកាន់តែច្រើនមកកាន់សេវាកម្មតាក់ស៉ីគ្មានមនុស្សបើក Waymo នៅ San Francisco, Phoenix , Los Angeles , Austin និង Atlanta តាមរយៈភាពជាដៃគូដែលបានពង្រីកជាមួយ Uber» ។ លោក Ruth Porat ប្រធានផ្នែកហិរញ្ញវត្ថុបាននិយាយកាលពីខែកក្កដាថា Alphabet បានគ្រោងវិនិយោគទឹកប្រាក់ចំនួន ៥ពាន់លានដុល្លារនៅក្នុង Waymo ក្នុងរយៈពេលច្រើនឆ្នាំ។
គួរជម្រាបថា សេវាកម្មតាក់ស៉ីគ្មានមនុស្សបើកនេះ ត្រូវបានគេមើលឃើញថាកំពុងមានការប្រជែងគ្នាជាខ្លាំងនៅសហរដ្ឋអាមេរិក ខណៈ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថាថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់លោក នឹងដាក់ឱ្យប្រើប្រាស់សេវាកម្មតាក់ស៉ីរគ្មានមនុស្សបើកដល់សាធារណជននៅរដ្ឋកាលីហ្វ័រញ៉ា និងតិចសាស់នៅឆ្នាំក្រោយ៕