(សៀមរាប)៖ ចម្លាក់បដិមាទ្វារបាលចំនួន១២ ធ្វើពីថ្មភក់ ត្រូវបានប្រទះឃើញពេលធ្វើកំណាយស្រាវជ្រាវនៅខ្លោងទ្វារជើង ជ្រុងខាងលិចនៃព្រះបរមរាជវាំងក្រុងអង្គរធំ កាលពីថ្មីៗនេះ។

បុរាណវិទ្យា លោក សន ចាន់ថន បានឱ្យដឹងថា ចម្លាក់ទ្វារបាលធ្វើពីថ្មភក់ចំនួន១២ ត្រូវបានក្រុមអ្នកបុរាណវិទ្យាធ្វើកំណាយស្រាវជ្រាវនៅខ្លោងទ្វារជើងព្រះបរមរាជវាំងនៃក្រុងអង្គរធំ ដើម្បីសិក្សាស្រាវជ្រាវរចនាសម្ពន្ធនៃខ្លោងទ្វារ និងស្វែងរកថ្ម ដែលជ្រុះធ្លាក់ដើម្បីជួសជុលខ្លោងទ្វារនេះឡើងវិញ។

បុរាណវិទ្យារូបនេះបានឱ្យដឹងទៀតថា ចម្លាក់បដិមាទ្វារបាលទី១២ ដែលទើបរកឃើញនេះ ស្ថិតនៅក្នុងដីជម្រៅ១៤០សង់ទីម៉ែត្រ គឺស្រទាប់ដីគ្រឹះសម័យកាលកសាង គឺអាចថាចម្លាក់នេះបានធ្លាក់អស់រយៈពេលជាយូរមកហើយ។ ចម្លាក់បដិមាទ្វារបាលទាំង១២ ដែលមួយចំនួនធ្លាក់នៅរាយប៉ាយលើដីក្បែរខ្លោងទ្វារ គឺមានទំហំ និងទម្រង់ខុសៗគ្នាទៅតាមជាន់នីមួយៗ។

លោក ចាន់ថន បញ្ជាក់ថា ចម្លាក់ទ្វារបាលនៅជាន់ទី១ មានកម្ពស់១១០សង់ទីម៉ែត្រ និងជាន់ទី២ មានកម្ពស់១០០សង់ទីម៉ែត្រ មួយចំនួននៅមានរូបរាងនៅលល្អពេញលេញ ខ្លះទៀតខូចខាតដោយអន្លើ ដោយសារធ្លាក់ពីកម្ពស់ខ្ពស់។ ចំណែករូបចម្លាក់ទ្វារបាលនីមួយៗមានលម្អគ្រឿងអលង្ការ សក់ ផ្ទៃមុខខុសៗគ្នា។

ក្រោយពីបានរកឃើញចម្លាក់ទ្វារបាលទាំងអស់នេះ ក្រុមការងារបានកំណត់ទីតាំងដើម ចុះបញ្ជី ថតរូប រៀបចំឯកសារ មុនឈានដល់ការលើកមកសម្អាត និងជួសជុលដើម្បីយកទៅដាក់នៅទីតាំងដើម។ ក្រុមអ្នកជំនាញសន្និដ្ឋានថា ចម្លាក់បដិមាទ្វារបាលដែលប្រទះឃើញ គឺស្ថិតក្នុងរចនាបថឃ្លាំង ដែលស្របពេលជាមួយគ្នានៃការកសាងព្រះបរមរាជវាំងស្ថិតនៅសតវត្សទី១១៕