(ភ្នំពេញ)៖ វីរកីឡាករ សាលី អ៊ូមើត ប្រធានក្រុមម៉ូតូទឹកជម្រើសជាតិកម្ពុជា បានប្ដេជ្ញាដឹកនាំ និងជំរុញសិស្សប្អូនឲ្យបន្ដខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីត្រៀមប្រជែងពាន ៣ទ្វីប(អឺរ៉ុប-អាមេរិក-អាស៊ី) នៃព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពានរង្វាន់ពិភពលោក WGP#1 Water Jet World Series 2024 នៅជុំទី៣ (ជុំផ្ដាច់ព្រ័ត្រ) នៅប្រទេសថៃ មកជូនប្រទេសកម្ពុជាឲ្យបាន ។
ការតាំងចិត្តនេះ ស្របពេលក្រុមម៉ូតូទឹកកម្ពុជា ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងការប្រកួត WGP#1 Water Jet World Series 2024 ជុំទី២ នៅសហរដ្ឋអាមេរិក កាលពីថ្មីៗ ដោយដណ្ដើមបានមេដាយសរុបចំនួន ១០គ្រឿង (មាស ៦ ប្រាក់ ៣ និងសំរឹទ្ធ ១) ហើយបានត្រឡប់មកដល់មាតុភូមិវិញ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំសហព័ន្ធផងដែរ ។
អគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាដដែលបន្ដថា មេដាយដែលក្រុមម៉ូតូទឹកកម្ពុជា ដណ្ដើមបានលើទឹកដីអាមេរិក គឺជាកំណត់ត្រាថ្មី ដែលបានសមិទ្ធផលកាលពីជុំទី១ នៅប្រទេសប៉ូឡូញ កាលពីខែកក្កដាកន្លងទៅ ដោយក្រុមម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយ ៦គ្រឿង (មាស ២ ប្រាក់ ២ និងសំរឹទ្ធ ២) ។ លទ្ធផលដ៏ល្អនេះ ផ្ដើមចេញពីការប្ដេជ្ញា និងមានឆន្ទៈរួមចគ្នា ដើម្បីលើកមុខមាត់ប្រទេសជាតិ ។ ដូច្នេះនៅជុំទី៣ ពួកគេនឹងខិតខំបន្ថែមទៀត ដើម្បីឈានទៅដណ្ដើមពានរួម(៣ទ្វីប) ក្នុងព្រឹត្តិការណ៍កម្រិតពិភពលោកប្រចាំឆ្នាំនេះ ។
ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ និងស៊ីហ្គេម ឆ្នាំ២០២៣ សាលី អ៊ូមើត បានបញ្ជាក់ថា «ការប្រកួតជុំទី៣ ឬជុំផ្ដាច់ព្រ័ត្រ គឺពិតជាពិសេសណាស់ ។ បច្ចុប្បន្នពិន្ទុរបស់ពួកយើង ក៏ស្ថិតក្នុងតារាង អាចឈានទៅដណ្ដើមពាន World Series ៣ទ្វីបរួមគ្នា (អឺរ៉ុប-អាមេរិក-អាស៊ី) ។ អ៊ីចឹងពួកយើងខ្ញុំ នឹងខិតខំពង្រឹងសមត្ថភាព ក៏ដូចជាដឹកនាំប្អូនៗខិតខំប្រឹងប្រែងហ្វឹកហាត់បន្ដ ដើម្បីធ្វើឲ្យបានល្អនៅជុំចុងក្រោយ និងឈានទៅដណ្ដើមពាន World Series មកកាន់ទឹកដីកម្ពុជាឲ្យបាន» ។
គួរដឹងថា ព្រឹត្តិការណ៍ WGP#1 Water Jet World Series 2024 ជុំទី៣ ដែលថៃធ្វើម្ចាស់ផ្ទះ នឹងធ្វើឡើងនាថ្ងៃទី១១-១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ដើម្បីកាត់សេចក្ដីស្វែងរកកីឡាករជើងខ្លាំងប្រចាំឆ្នាំ តាមវិញ្ញាសានីមួយៗ នៃព្រឹត្តិការណ៍ World Series 2024 ។ លើសពីនេះ ក៏នឹងមានការប្រកួតជើងឯកទ្វីបអាស៊ី (ជុំទី២) នាឱកាសផងដែរ បន្ទាប់ពីជុំទី១ នៅប្រទេសជប៉ុន ក្រុមម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយចំនួន ៥គ្រឿង រួមមានមេដាយមាស ៣ ប្រាក់ ១ និងសំរឹទ្ធ ១គ្រឿង ៕