(បរទេស)៖ ក្រុមហ៊ុនមួយដែលជាប់សង្ស័យថា ក្រុមហ៊ុន Taiwan Semiconductor Manufacturing Company (TMSC) បានផ្អាកការនាំចេញបន្ទះឈីបកាលពីពេលថ្មីៗនេះ គឺមានមានមូលដ្ឋាននៅក្នុងប្រទេសចិន មានឈ្មោះថា Sophgo។ បញ្ហានេះ បានកើតឡើងបន្ទាប់ពីមានរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវ TechInsights បានរកឃើញថា មានបន្ទះឈីបរបស់ TSMC នៅក្នុងឧបករណ៍របស់ Huawei។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។
ប្រភពពីមនុស្សពីរនាក់ដែលមិនបង្ហាញអត្តសញ្ញាណ បានឱ្យដឹងថា Sophgo ពិតជាបានបញ្ជាទិញបន្ទះឈីបពី TSMC ដែលត្រូវគ្នានឹងអ្វីដែលបានរកឃើញនៅលើដំណើរការបន្ទះឈីប Ascend 910B របស់ក្រុមហ៊ុន Huawei ពិតមែន។ ក្រុមហ៊ុនចិន Huawei ត្រូវបានដាក់កម្រិតលើការបញ្ជាទិញបច្ចេកវិទ្យា ដើម្បីការសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ យ៉ាងណា ជុំវិញព័ត៌មានលម្អិតអំពីការប្រើប្រាស់រវាងក្រុមហ៊ុនទាំង ៣នេះ Reuters នៅមិនទាន់អាចកំណត់បានៅឡើយនោះទេ។
តែបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ Sophgo នៅលើគេហទំព័រផ្លូវការរបស់ខ្លួននៅថ្ងៃអាទិត្យបាននិយាយថា ក្រុមហ៊ុនបានអនុលោមតាមច្បាប់ទាំងអស់ ហើយមិនដែលចូលរួមក្នុងទំនាក់ទំនងអាជីវកម្មណាមួយជាមួយក្រុមហ៊ុន Huawei នោះទេ។ Sophgo ត្រូវបានគេដឹងថា ជាដៃគូអាជីវកម្មជាមួយនឹងក្រុមហ៊ុន Cryptocurrency Bitmain បានគូសបញ្ជាក់ថា ខ្លួនបានផ្តល់របាយការណ៍ស៊ើបអង្កេតលម្អិតដល់ TSMC ដើម្បីបញ្ជាក់ថា ក្រុមហ៊ុនពិតជាមិនបានជាប់ពាក់ព័ន្ធនឹង Huawei នោះឡើយ។
គួរជម្រាបថា TSMC បានបដិសេធមិនធ្វើអត្ថាធិប្បាយ។ ខណៈ Huawei នៅមិនទាន់អាចទាក់ទងបាន។ ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បាននិយាយថា បានដឹងអំពីរបាយការណ៍ទាក់ទងនឹងការនាំចេញនេះ ប៉ុន្តែនៅមិនទាន់អាចធ្វើអត្ថាធិប្បាយនោះទេ នៅរង់ចាំពេលវេលាល្អមកដល់ ខណៈដែលការស៊ើបអង្កេតកំពុងដំណើរការ៕