(ភ្នំពេញ)៖ វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាលើកទម្ងន់កម្រិត២ ដែលរៀបចំដោយសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ក្រោមការឧបត្ថម្ភរបស់អង្គការសាមគ្គីអូឡាំពិក(OS) តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការសិក្សារយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី២០-២៧ ខែតុលា ឆ្នាំ២០២៨ នៅទីស្នាក់ការ NOCC ។
ទន្ទឹមជាមួយការបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលខាងលើ លោក Aveennash Pandoo ជំនាញការមកពីសហព័ន្ធអន្ដរជាតិ និងជាគ្រូឧទ្ទេសប្រចាំវគ្គនេះ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង និងចំណេះដឹងរបស់សិក្ខាកាម ដែលជាគ្រូបង្វឹកកីឡាលើកទម្ងន់កម្ពុជា ។ បុរសមកពីអាហ្វ្រិកខាងត្បូងដដែលសង្ឃឹមថា ក្រោយបញ្ចប់វគ្គនេះ គ្រូបង្វឹកទាំងអស់ នឹងអភិវឌ្ឍន៍សមត្ថភាពកាន់តែប្រសើរ ដើម្បីធ្វើការបណ្ដុះបណ្ដាល និងផលិតធនធានកីឡាករ-កីឡាការិនីកម្ពុជាកាន់តែមានគុណភាពត្រៀមចូលរួមការប្រកួតនានា ។
លោក ផេង ប៉ាក អគ្គលេខាធិការស្តីទីសហព័ន្ធ បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលជាង ១សប្ដាហ៍នេះ មានសិក្ខាកាមចូលរួមចំនួន ២៥នាក់ ។ វគ្គនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួន ក្នុងការកសាងសមត្ថភាព និងធនធានគ្រូបង្វឹកកីឡាលើកទម្ងន់កម្ពុជាឲ្យកាន់តែរឹងមាំ ដើម្បីចូលរួមអភិវឌ្ឍ និងបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីត្រៀមព្រឹត្តិការណ៍សំខាន់ៗ ដូចជាស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ ក៏ដូចជាដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ជាដើម ។
ជាមួយគ្នាដែរ លោក ងិន សុបញ្ញា តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា កីឡាលើកទម្ងន់ អាចចាត់ទុកជាប្រភេទកីឡាថ្មីនៅកម្ពុជា ប៉ុន្តែមានការអភិវឌ្ឍផ្នែកធនធានមនុស្សយ៉ាងខ្លាំង ដោយមកដល់ពេលនេះ គ្រូបង្វឹក និងមន្រ្តីបច្ចេកទេសបានចូលរួមវគ្គបណ្តុះបណ្តាលឈានដល់កម្រិត២ដែលជាវគ្គគ្រូកម្រិតខ្ពស់បំផុសរបស់កីឡាលើកទម្ងន់អន្ដរជាតិ។ យ៉ាងណាលោកបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំសិក្សាស្វែងយល់បន្ថែមទៀត ដើម្បីក្លាយជាគ្រូបង្វឹកកម្រិតពិភពលោក និងចូលរួមអភិវឌ្ឍកីឡាលើកទម្ងន់កម្ពុជាឲ្យកាន់តែរីកចម្រើននាថ្ងៃអនាគត ៕