(បរទេស)៖ របាយការណ៍ពីសារព័ត៌មានដ៏ល្បី Bloomberg បានចុះផ្សាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងរៀបចំដើម្បីបង្ហាញកម្មវិធីថ្មីមួយនៅលើ Apple Watch សម្រាប់អ្នកជំងឺទឹកនោមផ្អែម ក្នុងគោលបំណងតាមដានកម្រិតជាតិស្ករក្នុងឈាម។ នេះបើយោងតាមការចេញផ្សាយបន្តដោយ GSMArena។
ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយ ជារៀងរាល់ឆ្នាំក្រុមហ៊ុនយក្សនេះ បានដាក់ចេញនូវមុខងារថ្មីៗជាបន្តបន្ទាប់ ដូចជាមុខងារ ECG និងវាស់ចង្វាក់បេះដូង។ យ៉ាងកាលពីពេលថ្មីៗនេះ ក៏ទើបតែសម្រេចបានមុខងារពិសេសមួយទៀតគឺ Sleep Apnea Tracking ដែលជាមុខងារតាមដាន និងវិភាគលំនាំនៃការដកដង្ហើមក្នុងអំឡុងពេលគេង។
យោងតាមរបាយការណ៍ពី Bloomberg បានឱ្យដឹងថា Apple បានធ្វើការលើបច្ចេកវិទ្យាថ្មីដែលមានសមត្ថភាពតាមដានជាតិស្ករក្នុងឈាម ហើយតាមរយៈការធ្វើតេស្តពីបុគ្គលិក Apple មួយក្រុមកាលពីដើមឆ្នាំនេះ បានបង្ហាញថា មួយផ្នែកធំនៃមុខងារនេះ ត្រូវបានបញ្ចប់ការសាកល្បងដោយជោគជ័យ។ យ៉ាងណាមិញ ប្រសិនបើ Apple អាចសម្រេចបានជោគជ័យលើបច្ចេកវិទ្យានេះពិតប្រាកដមែននោះ ដូច្នេះអ្នកប្រើប្រាស់មិនចាំបាច់ទៅតេស្តឈាមរកមើលជាតិស្ករទៀតនោះទេ ដោយគ្រាន់តែពាក់ Apple Watch ជាការស្រេច។
គួរជម្រាបថា កម្មវិធីនេះ ត្រូវបានរចនាឡើងជាពិសេសសម្រាប់អ្នកប្រើប្រាស់ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺទឹកនោមផ្អែម ដែលមានហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី២ តែប៉ុណ្ណោះ៕