(មេនឆេស្ទើ)៖ ក្លិបបាល់ទាត់បិសាចក្រហម Manchester United បានឈានដល់ផ្លូវការបំបែក ក្នុងការដកតំណែង លោក Erik ten Hag ចេញពីគ្រូបង្វឹកបង្គោលរបស់ពួកគេជាផ្លូវការហើយ នៅថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ ដោយដាក់ជំនួយការ គឹលោក Ruud van Nistelrooy ដឹកនាំជាបណ្តោះអាសន្ន។
បើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យដឹងថា បុរសសញ្ជាតិហូឡង់ខាងលើនេះ ត្រូវបានខ្ទាតចេញពីតំណែងធំនេះ បន្ទាប់ពីបរាជ័យ ២-១ ចុងម៉ោងនៅរាត្រីថ្ងៃអាទិត្យ ដែលធ្វើឱ្យអតីតម្ចាស់ជើងឯក Premier League ច្រើនជាងគេមួយនេះ ធ្លាក់ទៅលេខ១៤ ក្រោយឆ្លងកាត់បាន ៩សប្តាហ៍ក្នុងលីគរដូវកាលនេះ ជាមួយនឹងជ័យជម្នះតែ ៣លើកប៉ុណ្ណោះ។
បុរសសញ្ជាតិហូឡង់ដូចគ្នា គឺលោក Van Nistelrooy ដែលទើបយកមកធ្វើជាជំនួយការរបស់លោក Ten Hag នារដូវកាលនេះ ត្រូវបានផ្តល់សេចក្តីទុកចិត្តដឹកនាំជាបណ្តោះអាសន្ន ក្រោយការចាកចេញរបស់លោក Erik ten Hag ក្នុងរយៈពេល ២ឆ្នាំកន្លះ ដែលពុំមានឈ្នះពានធំណាមួយ ក្រៅពីពាន League Cup និង FA Cup នារដូវកាលមុន៕