(ប៉ារីស)៖ ប្រទេសអេស្ប៉ាញ ដែលជាជើងឯកអឺរ៉ុប European Championship នាអំឡុងខែកក្កដា នៅអាល្លឺម៉ង់នោះ បានបន្តក្តោបក្តាប់ពានឯកត្តជនបាល់មាស Ballon d’Or លំដាប់កំពូលពិភពលោក ប្រចាំឆ្នាំ២០២៤ នេះថែមទៀតទាំង អត្តពលិកផ្នែកបុរស និងនារីរបស់ពួកគេ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថ្ងៃនេះថា ខ្សែបម្រើ Rodri ដែលបានកំពុងប្រកបអាជីពបាល់ទាត់នៅអង់គ្លេស ក្នុងក្លិបមេឃខៀវ Manchester City ត្រូវបានបោះឆ្នោតជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំ និងស័ក្តិសម ក្នុងការទទួលបានពាន Ballon d’Or ជាលើកដំបូងក្នុងអាជីពរបស់គេផងដែរ នាំមុខគូប្រជែង Vinicius Jr និង Jude Bellingham មកពី Real Madrid ដូចគ្នា។

គួរកត់ចំណាំផងថា Rodri វ័យ ២៨ឆ្នាំ បានលេងចាញ់តែ ១ប្រកួតប៉ុណ្ណោះនារដូវកាលមុនទាំងក្នុងក្លិប និងជម្រើសជាតិអេស្ប៉ាញ ដែលបានរួមចំណែកជួយគោជល់មួយនេះឈ្នះជើងឯកពានអឺរ៉ុប UEFA Euro 2024 គម្រប់លើកទី៤ ក្នុងនាមជាកីឡាកររបស់ City និងអេស្ប៉ាញដំបូងគេ ដែលឈ្នះពាន Ballon d’Or នេះដែរ។

នៅរាត្រីដ៏មហាអស្ចារ្យនាទីក្រុងប៉ារីស ប្រទេសបារាំង ខ្សែបម្រើប្រយុទ្ធ Aitana Bonmanti មកពីក្លិប FC Barcelona ក៏បានឈ្នះពាន Ballon d’Or ប្រចាំឆ្នាំ២០២៤ ផ្នែកនារីផងដែរ និងជាលើកទី២ សម្រាប់ក្លិបអ្នកមានបុណ្យ ដែលមានកីឡាការិនីរបស់ខ្លួន ដណ្តើមបានពានបាល់មាសនេះ៕