(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ត្រូវបានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ (SEAGF) សម្រេចជាផ្លូវការតែងតាំងលោក គឺជាប្រធានកិត្តិយសអស់មួយជីវិត (Honorary Life President) នៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។

ការសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ (SEAGF Council) នៅទីក្រុងបាងកក ប្រទេសថៃនាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ដោយមានការចូលរួមពីមន្ដ្រីជាន់ខ្ពស់ចលនាអូឡាំពិកក្នុងតំបន់គ្រប់បណ្ដាប្រទេសចូលរួម ក្នុងនោះក៏មានវត្តមានលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងប្រតិភូ NOCC ចូលរួមផងដែរ។

ការសម្រេចតែងតាំងលោកបណ្ឌិត ថោង ខុន ជាប្រធានកិត្តិយសអស់មួយជីវិត នៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នេះ គឺជាការផ្ដល់នូវកិត្តិយសដល់ការលះបង់ផ្ទាល់របស់លោកទេសរដ្ឋមន្ដ្រី ចំពោះចលនាអូឡាំពិក ក៏ដូចជាកីឡា ដែលលោកបានកសាងនូវចលនាអូឡាំពិកកម្ពុជាបានរីកចម្រើន ក្រោមកិច្ចសហការ ការគាំទ្រ ជំរុញ និងយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា រហូតសម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់ ក្នុងនាមម្ចាស់ផ្ទះលើកដំបូងនៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាធំៗជាច្រើនទៀត។

គួររំឮកថា មហាជោគជ័យជាប្រវត្តិសាស្រ្តសំខាន់ៗ ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានបង្កើតកំណត់ត្រាប្រវត្តិសាស្រ្តថ្មី ក្នុងប្រវត្តិនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម មានដូចជា៖

១៖ ក្នុងនាមម្ចាស់ផ្ទះ កម្ពុជាបានផ្តល់ទស្សនទានថ្មី សម្រាប់ចលនាអូឡាំពិកអន្តរជាតិ ដែលជាប្រវត្តិសាស្ត្រ ពុំធ្លាប់មានសម្រាប់ព្រឹត្តិការណ៍កម្រិតតំបន់ ក៏ដូចជាព្រឹត្តិការណ៍កម្រិតអូឡាំពិក ដែលបានផ្តល់ជូននូវ៖
- មិនយកថ្លៃស្នាក់នៅ ហូបចុក ដឹកជញ្ជូន ពីប្រតិភូកីឡាគ្រប់ប្រទេសចូលរួម។
- មិនលក់សំបុត្រចូលទស្សនាពិធីបើក-បិទ និងគ្រប់ការប្រកួតកីឡា។
- មិនយកថ្លៃ «សិទ្ធិផ្សាយទូរទស្សន៍» គ្រប់ប្រព័ន្ធផ្សព្វផ្សាយជាតិ-អន្តរជាតិ។
- មិនយកថ្លៃទិដ្ឋាការសម្រាប់ប្រតិភូកីឡា និងមន្ត្រីបច្ចេកទេសអន្តរជាតិទាំងអស់។
- មិនយកថ្លៃចូលទស្សនាប្រាសាទអង្គវត្តសម្រាប់ប្រតិភូកីឡាទាំងអស់។

២៖ ការរៀបចំព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា នៅមុខប្រាសាទអង្គរវត្ត និងពិធីដង្ហែរភ្លើងគប់ព្រះអគ្គិជ័យកីឡាជាប្រវត្តិសាស្រ្ត បានផ្តល់នូវមហាកិត្តិយសជាតិដ៏ធំធេង និងសម្រែកគាំទ្រ ជាចលនាជាតិនិយម មោទនភាពជាតិខ្មែរ ដ៏ត្រចះត្រចង់ ស្របតាមនិយាមពិធីដង្ហែភ្លើងគប់កីឡាអូឡាំពិកអន្ដរជាតិ។

៣៖ ពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមជាផ្លូវការកម្រិតស្តង់ដាអូឡាំពិក បានបង្កើតនូវ ភាពភ្ញាក់ផ្អើល និងភាពអស្ចារ្យបំផុត ប្រកបដោយប្រណិតភាព និងភាពឥតខ្ចោះក្នុងការបង្ហាញ វប្បធម៌-អរិយធម៌អង្គរដ៏រុងរឿង និងបានបង្ហាញសក្តានុពលជាតិគ្រប់វិស័យ ធ្វើឲ្យមានការបង្កើតភាពភ្ញាក់ផ្អើលដល់ចលនាអូឡាំពិកអន្តរជាតិ-ប៉ារ៉ាឡាំពិកអន្តរជាតិ។

៤៖ ជាប់ឯកត្តកម្មដែលទាក់ទាញអ្នកទស្សនាច្រើនជាងគេ ធៀបនឹងព្រឹត្តិការណ៍ស៊ីហ្គេមមុនៗ ដែលគិតមកដល់ពេលនេះ ចំនួនអ្នកចូលទស្សនាតាមគ្រប់បណ្តាញផ្សព្វផ្សាយ បានកើនឡើងដល់ ៤០ពាន់លាន Views ជុំវិញពិភពលោក ដែលភាគច្រើនគឺពិធីបើក និងកីឡាការិនី ប៊ូ សំណាង ដែលឈ្នះបេះដូងស្មារតីអូឡាំពិក។

៥៖ អត្តពលិកកម្ពុជាដណ្តើមបានមេដាយមាស ៨១គ្រឿង មេដាយប្រាក់ ៧៤គ្រឿង និងមេដាយសំរឹទ្ធ ១២៧គ្រឿង សរុបចំនួន ២៨២គ្រឿង ឈរលើចំណត់ថ្នាក់ទី៤ ក្នុងចំណោម ១១ប្រទេស ដែលជា ឯកត្តកម្មមេដាយច្រើនបំផុត ដែលកម្ពុជាដណ្តើមបាន។

សូមបញ្ជាក់ថា ក្នុងនាមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កន្លងមកលោកបណ្ឌិត ថោង ខុន ក៏ធ្លាប់ទទួលបានពានកិត្តិយសជាច្រើនពីចលនាអូឡាំពិកអាស៊ី និងអន្ដរជាតិផងដែរ ជាក់ស្ដែងកំឡុងពេលកម្ពុជា ធ្វើម្ចាស់ផ្ទះមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី៤១ លោកក៏ទទួលបានគ្រឿងឥស្សរិយយសថ្នាក់បំផុត «ខ្សែកមាស» ឬ OCA Merit Award ពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីផងដែរ៕