(មេនឆេស្ទើ)៖ Manchester United នឹងផ្តើមកិច្ចពិភាក្សាជាមួយគ្រូបង្វឹក Ruben Amorim កំពុងដឹកនាំ Sporting Lisbon អំពីលទ្ធភាពដែលអាចយកមកជំនួសកៅអីលោក Erik ten Hag ដែលត្រូវបានដកតំណែងកាលពីថ្ងៃចន្ទម្សិលមិញ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បុរសវ័យ ៣៩ឆ្នាំខាងលើនេះ គឺជាគ្រូបង្វឹកដ៏មានឥទ្ធិពលមួយរូប ដែលបានជួយជ្រោមជ្រែង Sporting សម្រេចកិច្ចការធំ តាមរយៈឈ្នះជើងឯកលីគព័រទុយហ្គាល់ ឆ្នាំ២០២១ ក្រោយពេលខកខានអស់រយៈពេល ១៩ឆ្នាំ បន្ទាប់ពីចូលដឹកនាំនៅឆ្នាំ២០២០ រួចមក។

ថ្លែងក្នុងសន្និសីទកាលពីថ្ងៃចន្ទ ទី២៨ ខែតុលា លោក Amorim សញ្ជាតិព័រទុយហ្គាល់បានទម្លាយថា រូបលោកបានស្ថិតក្នុងបញ្ជីនាំមុខគេ ក្នុងនាមគ្រូបង្វឹកថ្មីរបស់បិសាចក្រហម ដ្បិតលោកមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការពិភាក្សានេះនៅឡើយទេ។

នៅចាំបានថា Sporting បានចំណាយប្រាក់ប្រមាណ ១០លានអឺរ៉ូឱ្យក្លិបរួមលីគ Braga ដើម្បីយកលោក Amorim មកដឹកនាំនាអំឡុងឆ្នាំ២០២០ ជាមួយនឹងកិច្ចសន្យាថ្មីជាមួយពួកគេ មានសុពលភាពដល់ឆ្នាំ២០២៦ ឯណោះ។

ប្រសិនបើគ្មានអ្វីប្រែប្រួលទេ លោក Amorim នឹងក្លាយជាគ្រូបង្វឹកថ្មីពេញសិទ្ធិទី៦ របស់ Man Utd ដោយរួមមានលោក Jose Mourinho, Ole Gunnar Solskjaer, Louis van Gaal, David Moyes និង Erik ten Hag ក្រោយពេលលោក Sir Alex Ferguson ចូលនិវត្តន៍កាលឆ្នាំ២០១៣ មក៕