(កំពង់ធំ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន ស.ស.យ.ក និងលោកស្រី នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤ បានចាត់បញ្ជូនសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ចំនួន៦៨នាក់ ដឹកនាំដោយ លោក វេជ្ជបណ្ឌិត ស្រូយ អាដុល្ការ សមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងជាអនុប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.កតំណាង លោកបណ្ឌិត ហេង សុខគង់ បានចុះទៅពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជនដោយឥតគិតថ្លៃ និងផ្តល់វីតាមីនបំប៉នជូនដល់សិស្សានុសិស្ស ស្ថិតនៅក្នុងបរិវេណសាលារៀនសហគមន៍២១ សាខាទី៦ សន្ទុក ស្ថិតក្នុងភូមិសំពង់ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលកម្មវិធីនេះប្រព្រឹត្តទៅក្រោមកិច្ចសហការ ជាមួយលោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា និងជាអគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ គ្រុប រួមជាមួយអាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងស.ស.យ.ក.ស្រុកផងដែរ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ជា វ៉ាន់ចាន់ អភិបាលរងតំណាងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ លោកឧកញ៉ា ប៉ិច បូឡែន និងលោកវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលស្រុក និងវត្តមាន លោក លោកស្រី និងក្រុមការងារជាច្រើនរូបទៀត ក៏បានចូលរួមក្នុងឱកាសនេះផងដែរ។ ការពិនិត្យ និងព្យាបាលជំងឺក្នុងរយៈពេល០១ថ្ងៃនេះ សរុបបានចំនួន ៦៩៨នាក់។

ប្រជាពលរដ្ឋ សិស្សានុសិស្សដែលបានចូលរួមទាំងអស់ក្នុងពិធីនេះ មានសេចក្តីអំណរសាទរ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោក ហ៊ុន ម៉ានី និងលោកស្រី យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដែលបានចាត់បញ្ជូនសុទ្ធតែក្រុមគ្រូពេទ្យជំនាញៗមកក្នុងថ្ងៃនេះ និង ថ្លែងអំណរគុណដល់លោក នួន ផារ័ត្ន លោកឧកញ៉ា ប៉ិច បូឡែន ព្រមទាំងក្រុមការងារទាំងអស់ ដែលបានសហការសម្របសម្រួល និងដែលតែងយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសដែលរស់នៅឆ្ងាយពីសេវាសុខាភិបាល ក្នុងយុគសម័យដែលប្រទេសជាតិយើងកាន់តែសម្បូរសប្បាយ រីកចម្រើន និងរស់ក្រោមម្លប់នៃសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ជាក់ស្តែងថ្ងៃនេះក្រុមគ្រូពេទ្យជំនាញៗ យើងដែលមកពីស្ទើរគ្រប់មន្ទីរពេទ្យធំៗនៅរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលប្រជាពលរដ្ឋអមជាមួយឧបករណ៍វេជ្ជសាស្ត្រទំនើបៗ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ផ្តល់នូវជំនឿ និងទំនុកចិត្តសម្រាប់ប្រជាពលរដ្ឋយើង ដែលជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ជាមួយក្រសួងសុខាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ នៅទីជនបទ។ ប្រជាពលរដ្ឋ បានសំណូមពរយ៉ាងទទូចដល់ក្រុមការងារដើម្បីបន្តកម្មវិធីពិនិត្យ និងព្យាបាលនេះឱ្យបានញឹកញាប់នាពេលខាងមុខបន្តទៀតផងដែរ៕