(បរទេស)៖ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ប្រទេសចិនបានព្រមានជាថ្មីម្តងទៀតដល់សហភាពអឺរ៉ុបថា ប្រសិនបើប្លុកនេះធ្វើការចរចាដាច់ដោយឡែកជាមួយក្រុមហ៊ុនរថយន្តអគ្គិសនី អំឡុងពេលកំពុងពិភាក្សាជាមួយប្រទេសចិន មិនទាន់ឈានដល់កិច្ចព្រមព្រៀងណាមួយនោះ ប្រៀបបាននឹងធ្វើឲ្យ «រង្គោះរង្គើរដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក» និងរំខានដល់ការចរចាទាំងមូល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

ក្រសួងពាណិជ្ជកម្មចិ បានចេញការព្រមានស្រដៀងគ្នានេះកាលពីដើមខែ ប៉ុន្តែការបញ្ជាក់សារជាថ្មីដូចខាងលើ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសចិន និងសហភាពអឺរ៉ុប បានយល់ព្រមធ្វើកិច្ចចរចាបច្ចេកទេសបន្ថែមទៀត លើជម្រើសដែលអាចកើតមានចំពោះការយកពន្ធលើរថយន្តអគ្គិសនីរបស់ចិន (EV)។ ភាគីទាំងពីរបានបំភ្លឺពីតម្លៃនៃការប្តេជ្ញាចិត្ត ហើយនឹងបន្តជាដំណោះស្រាយចំពោះបញ្ហានានា ហើយក្រសួងប្រកាសថា ដំណាក់កាលបន្ទាប់នៃការពិគ្រោះយោបល់បានចាប់ផ្តើមហើយ។ ទីក្រុងប៉េកាំងបានប្រកាសកាលពីថ្ងៃសុក្រកន្លងទៅនេះថាខ្លួន «ស្វាគមន៍ក្រុមការងាររបស់សហភាពអឺរ៉ុបឱ្យមកប្រទេសចិនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

គួរជម្រាបថា ជុំវិញបញ្ហាពន្ធគយនេះ សហភាពអឺរ៉ុបដំឡើងពន្ធរហូតដល់ ៣៨,១% លើការនាំចូលរថយន្តអគ្គិសនីចិន។ តែយ៉ាងណា ប្រទេសចិនបានអំពាវនាវម្តងហើយម្តងទៀតឱ្យសហភាពអឺរ៉ុបលុបចោលពន្ធគយរបស់ខ្លួន ដោយបង្ហាញពីឆន្ទៈក្នុងការចរចា៕