(ភ្នំពេញ)៖ លោក កាំង សេន ប្រធានក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានគូសបញ្ជាក់ថា ការខិតខំស្វែងរកកិច្ចសហការពីវិស័យឯកជន លោកមិនរំពឹងលទ្ធផលត្រឹមរយៈពេលខ្លីនោះទេ តែផ្ដោតលើលទ្ធផលរយៈពេលយូរ ក្នុងការពង្រឹង និងផ្លាស់ប្ដូរក្លិប ឆ្ពោះទៅរកការប្រកួតប្រជែងកាន់តែខ្ពស់ នៅក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ។
ការលើកឡើងនេះ ខណៈក្រុមកំពុងឈរលេខរៀងទី៧ នៃលីគកំពូលកម្ពុជា នេះ បានចុះហត្ថលេខាលើកិច្ចសហការភាពជាដៃគូឧបត្ថម្ភជាមួយក្រុមហ៊ុនហ្គ្រេប(ខេមបូឌា) សម្រាប់រដូវកាលឆ្នាំ២០២៤/២៥ កាលពីចុងសប្ដាហ៍កន្លងទៅ ស្របពេល ISI ដង្កោសែនជ័យ បានប្រកួតស្មើក្រុមនាគខៀវបឹងកេត ៤-៤ លើទឹកដីរបស់ខ្លួន ។
ប្រធានក្លិបដដែល បានចាត់ទុករាល់កិច្ចសហការជាមួយវិស័យឯកជន គឺជាគំរូមួយ សម្រាប់ក្រុមហ៊ុន និងវិស័យឯកជនផ្សេងៗ ក្នុងការចូលរួមលើកស្ទួយវិស័យបាល់ទាត់ជាតិ ។ ម្យ៉ាងវិញទៀត កិច្ចសហការនេះ ក៏បានផ្ដល់នូវបទពិសោធន៍ដ៏ល្អ សម្រាប់ក្លិប កីឡាករ ក៏ដូចជាអ្នកគាំទ្រ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាផងដែរ ។
លោក កាំង សេន បន្ដថា «កិច្ចសហការជាមួយដៃគូឧបត្ថម្ភ ដែលយើងកំពុងតែរកនេះ គឺជាផ្លូវដ៏វែងឆ្ងាយ ។ អ៊ីចឹងការចាប់ដៃគូថ្មីៗ មិនអាចកែប្រែអ្វីបានភ្លាមទេ ព្រោះកិច្ចសហការនេះ សុទ្ធតែស្ថិតក្នុងការសាកល្បងដូចគ្នា ដោយសារនេះជាលើកដំបូងសម្រាប់ពួកគាត់(Grab) ហើយក៏ជាលើកដំបូងសម្រាប់ពួកយើងទៅរកម្ចាស់ឧបត្ថម្ភផ្នែកបច្ចេកទេសវិទ្យា។ យើងកំពុងសិក្សា តើយើងអាចផ្ដល់តម្លៃអ្វីឲ្យគ្នាបានច្រើនជាងហ្នឹង» ។
«យើងមិនអាចរំពឹងជាប្រាក់ឧបត្ថម្ភធំណាមួយ ទៅទិញកីឡាករល្អប្ដូរក្នុងជុំបន្ទាប់បានទេ តែអ្វីដែលយើងអាចធ្វើបាននោះ គឺយើងផ្ដល់ភាពជឿជាក់ទៅដល់សហគមន៍ ក៏ដូចជាដៃគូឧបត្ថម្ភរបស់យើង ។ សង្ឃឹមថា តាមរយៈការជឿជាក់ទាំងអស់ហ្នឹង វាគឺជាកម្លាំងមួយដ៏ធំសម្រាប់ក្លិប និងកីឡាកររបស់យើង បន្ដការខិតខំហ្វឹកហាត់ ជាមួយអ្វីដែលយើងមាន យុវជនដែលយើងនឹងដំឡើងមក និងគ្រូៗដែលគាត់ធ្វើការជាមួយគ្នា នឹងអាចកែប្រែលទ្ធផលនៅជុំទី២ ។ ជារួមរយៈពេលខ្លី យើងប្រហែលជាមិនអាចឃើញលទ្ធផលទេ តែតាមរយៈកិច្ចសហការនីមួយៗ ដែលយើងរកមក នឹងបន្ដ ក៏ដូចជាពង្រីកកាន់តែធំទៅៗ ។ នេះគឺជាកត្ដាដែលអាចមានការផ្លាស់ប្ដូរនៅក្នុងរយៈពេលយូរ» ។ លោក កាំង សេន បន្ថែម ។
គួរដឹងថា គិតត្រឹមសប្ដាហ៍ទី១០ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ISI ដង្កោសែនជ័យ កំពុងឈរលេខ៧ ក្នុងតារាងពិន្ទុបណ្ដោះអាសន្ន ក្រោយឆ្លងកាត់ ៩ប្រកួតឈ្នះ ៣ ស្មើ ២ និងចាញ់ ៤ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺការប្រកួតចុងក្រោយ កាលពីចុងសប្ដាហ៍កន្លងទៅ ដែលក្រុមរហស្សនាម ដំរីជ័យ នេះ បានវាយបកស្មើអតីតក្រុមជើងឯក ៤សម័យបឹងកេត ៤-៤ ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះលទ្ធផលនេះ ៕