(បរទេស)៖ របាយការណ៍ពីសារព័ត៌មាន Nikkei បានបង្ហាញនៅថ្ងៃអង្គារ៍នេះថា ក្រុមហ៊ុន Toyota Motor និងក្រុមហ៊ុន Nippon Telegraph and Telephone (NTT) របស់ជប៉ុន គ្រោងបោះទុនវិនិយោគ ៥០០ពាន់លានយ៉េន ឬ ៣.២៦ ពាន់លានដុល្លារ ក្នុងការស្រាវជ្រាវនិងការអភិវឌ្ឍន៍លើបញ្ញាសិប្បនិម្មិត AI ដើម្បីគាំទ្រដល់កម្មវិធីបើកបរដោយឯងលើរថយន្ត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។

របាយការណ៍បានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនទូរគមនាគមន៍ធំដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងតូក្យូ គ្រោងនឹងបង្កើតកម្មវិធីរថយន្តដែលនឹងប្រើប្រាស់ AI ដើម្បីប្រមើលមើលគ្រោះថ្នាក់ដែលអាចកើតឡើង និងគ្រប់គ្រងយានយន្ត។ បច្ចុប្បន្នក្រុមហ៊ុនកំពុងស្វែងរកប្រព័ន្ធការងារចាំបាច់នានា ដែលនឹងធ្វើឲ្យរួចរាល់សម្រាប់គម្រោងមួយនេះនៅឆ្នាំ២០២៨ ព្រមទាំងគ្រោងផ្តល់កម្មវិធីនេះដល់ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតផងដែរ។ កិច្ចព្រមព្រៀងនេះកើតឡើងនៅពេលដែលក្រុមហ៊ុនផលិតរថយន្តជប៉ុន កំពុងសម្លឹងរកមើលទីផ្សារសម្រាប់រថយន្តបើកបរដោយស្វ័យប្រវត្តិកម្រិតខ្ពស់ដែលកំពុងរីកចម្រើន ហើយបច្ចុប្បន្នកំពុងត្រូវបានគ្រប់គ្រងជាចម្បងដោយ Tesla និងក្រុមហ៊ុនចិនផ្សេងទៀត។

យ៉ាងណាមិញ ជុំវិញរបាយការណ៍ខាងលើនេះ ក្រុមហ៊ុន Toyota បានប្រកាសថា មិនមែនជាអ្វីដែលខ្លួនបានប្រកាសនោះទេ ដោយបន្ថែមថា ខ្លួននឹងបន្តសហការជាមួយ NTT ដើម្បីបង្កើតអនាគតនៃការបើកបរប្រកបដោយសុវត្ថិភាព ខណៈ NTT មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​របស់​រ៉យទ័រ​សម្រាប់​ការ​អត្ថាធិប្បាយ​ទេ៕