(រ៉ូម)៖ Mario Belotelli អតីតខ្សែប្រយុទ្ធក្លិបមេឃខៀវ Manchester City បានវិលមកលេងនៅក្របខណ្ឌលីគកំពូល Serie A របស់ប្រទេសអ៊ីតាលីវិញហើយ ក្នុងក្លិប Genoa ដែលកំពុងស្ថិតក្នុងតំបន់កាត់ចោលនៅឡើយ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករវ័យ ៣៤ឆ្នាំរូបនេះ បានមកចូលរួមជាមួយ Genoa ដោយគ្មានតម្លៃផ្ទេរឡើយ បន្ទាប់ពីចាកចេញពីក្លិប Adana Demirspor របស់តួកគីនារដូវក្តៅនេះ និងបានផ្លាស់មកលេងក្នុងក្លិបស្ថិតក្នុងទីក្រុងកំណើតវិញដែរ ក្រោយឃ្លាតឆ្ងាយជាង ៣ឆ្នាំ បន្ទាប់ពីចាកចេញពី Monza។

Balotelli ដែលបង្ហាញខ្លួនបានចំនួន ៣៦លើកជាមួយជម្រើសជាតិអាសូរីអ៊ីតាលីផងនោះ គឺជាអតីតខ្សែប្រយុទ្ធសំខាន់ ១រូបរបស់មេឃខៀវ ដែលបានរួមចំណែកឈ្នះជើងឯកលីគ Premier League នាឆ្នាំ២០១២ ដ្បិតបច្ចុប្បន្ន Genoa ដែលដឹកនាំដោយលោក Alberto Gilardino កំពុងឈរនៅលេខរៀងទី១៨ នៅក្រៅតំបន់ធានាសុវត្ថិភាពពីការកាត់ចេញពីលីគ ៦ពិន្ទុឯណោះ។

នៅចាំបានថា Mario Belotelli គឺតែងតែលេចវត្តមាននៅទំព័រមុខនៃសារព័ត៌មាន ពីអាកប្បកិរិយាឌឺដងទាំងក្នុង និងក្រៅទីលានរបស់គេ នាអំឡុងលេងនៅក្របខណ្ឌ Premier League ដោយបានរួមចំណែកជួយអ៊ីតាលីបានត្រឹមរងជើងឯក Euro 2012 និងមិនត្រូវបានកោះហៅចូលជម្រើសជាតិទៀតឡើយ គិតចាប់តាំងពីឆ្នាំ២០១៨ មក៕