(សៀមរាប)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៤ បានដឹកនាំរៀបចំកម្មកម្មវីធី ស្នាមញញឹមនៃកម្ពុជា នៅមុខប្រាង្គប្រាសាទអង្គរ ក្រោមអធិបតីភាពរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានវត្តមានចូលរួមពីលោកអភិបាលរងខេត្តសៀមរាប រួមជាមួយអ្នកសារព័ត៌មាន សិល្បករ-សិល្បការិនីល្បីៗយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ លោក ឌី រ៉ាដូ  អភិបាលរងខេត្តសៀមរាប បានថ្លែងអំណរចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមសិល្បករខ្មែរ ដែលបានសហការជាមួយរដ្ឋបាលខេត្ត អាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធនានា រៀបចំព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជាលើកទី២នេះឡើង ដើម្បីផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរ ពិសេសគឺស្នាមញញឹមរបស់ប្រជាជនកម្ពុជា ជូនដល់អ្នកទេសចរ និងជាការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្តសៀមរាប។

លោកអភិបាលរងបន្តថា ខេត្តសៀមរាបបាននិងកំពុងទទួលរៀបចំនូវកិច្ចប្រជុំធំៗថ្នាក់ជាតិ និងអន្តរជាតិ និងព្រឹត្តិការណ៍ជាច្រើន ពីគ្រប់មជ្ឈដ្ឋានទាំងស្ថាប័នជាតិ និងឯកជនមកពីក្រៅប្រទេស និងក្នុងប្រទេសជាបន្តបន្ទាប់រហូតដល់បំណាច់ឆ្នាំ២០២៤ខាងមុខនេះ។​ តួយ៉ាងកម្មវិធីឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន ការសម្តែងក្បាច់គុនសៅលីង កិច្ចប្រជុំសភាយុវពាណិជ្ជករអន្តរជាតិ (JCI) បុណ្យទន្លេលើកទី៨ ព្រឹត្តិការណ៍រថយន្តទំនើបៗ និងអ្នកបង្កើតមាតិកាអន្តរជាតិ Gumball 3000 ជាដើម។

លោកបន្តថា ការរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» លើកទី២នេះ គឺជាជោគជ័យដ៏ត្រចះត្រចង់ ក្រោយពីយើងបានសហការរួមគ្នាប្រារព្ធលើកទី១ កាលពីខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ។ ក្នុងនាមអាជ្ញាធរខេត្តសៀមរាប លោកសូមគាំទ្រយ៉ាងពេញទំហឹង និងបង្កលក្ខណៈងាយស្រួលនានា ដើម្បីឱ្យការរៀបចំព្រឹត្តិការណ៍នេះដំណើរការទៅដោយរលូន។
  
ដោយឡែក លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង បានថ្លែងថា «ស្នាមញញឹមនៃកម្ពុជា» លើកទីពីរនេះធ្វើឡើងដើម្បីអបអរសាទរខួបទី២០ឆ្នាំ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងគោលបំណងរួមគ្នាជម្រុញការផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ អរិយធម៌ដ៏ល្អផូរផង់របស់ខ្មែរ និងបង្ហាញពីសក្តានុពលវិស័យទេសចរណ៍នៅកម្ពុជាទៅកាន់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ ផ្តើមចេញពីភាពជោគជ័យ និងការគាំទ្រយ៉ាងពេញទំហឹងពីគ្រប់មជ្ឈដ្ឋានទាំងភ្ញៀវជាតិ និងអន្តរជាតិ នៅក្នុងព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី១ ដែលសមាគមសិល្បករខ្មែរ បានរៀបចំឡើង កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ក្រោមការជួយជ្រោមជ្រែង និងយកចិត្តទុកដាក់បំផុតពីលោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទាំងធនធានមនុស្ស ឧបករណ៍បរិក្ខាផ្សេងៗ និងទស្សនទានល្អៗ ទើបញ៉ាំងឱ្យមានព្រឹត្តិការណ៍ ស្នាមញញឹនៃកម្ពុជា លើកទី២ លេចរូបរាងឡើងជាថ្មីនាពេលនេះ។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ថ្លែងថា «នាងខ្ញុំពិតជាមានសេចក្ដីសោមនស្សក្រៃលែង ដែលបានមកឈរនៅទីតាំងនេះជាថ្មីម្ដងទៀត ហើយកាន់តែមានកិត្តិយសទ្វេឡើង នៅពេលបានចូលខ្លួនរួមសហការរៀបចំជាមួយនឹង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលប្រៀបបាននឹងអាណាព្យាបាល ឬម្ដាយរបស់សមាគមសិល្បករខ្មែរ»។

ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី២នេះទៀតសោត ក៏ត្រូវបានរៀបចំឡើងកាន់តែធំជាងមុន និងអស្ចារ្យជាងមុន តាមរយៈការចង្អុលបង្ហាញដោយផ្ទាល់ពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង សហការរៀបចំដោយរដ្ឋបាលខេត្តសៀមរាប ហើយក៏មានការសហការឧបត្ថម្ភគាំទ្រពី ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និង អាជ្ញាធរអប្សរា។ ក្នុងនោះក៏មានការឧបត្ថម្ភធំពី ក្រុមហ៊ុន ជីប ម៉ុង គ្រុប និងក្រុមហ៊ុនដៃគូសហការជាច្រើនទៀតផងដែរ។

កាន់តែពិសេសទៀតនោះ គឺនៅលើកទី២នេះ ក៏មានការជួយឧបត្ថម្ភលើការផ្សាយផ្ទាល់ពិសេស ពីក្រុមហ៊ុន CBS (មានទូរទស្សន៍ CTN, MYTV, CNC, CBS Digital) ដែលជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលបងប្អូនអាចទស្សនាបានទូទាំងប្រទេស និងលើពិភពលោក។

ទន្ទឹមនឹងការគាស់រំឭកឡើងវិញពីប្រវត្តិសាស្ត្រដ៏មហស្ចារ្យ ការបង្ហាញពីទម្រង់នៃសិល្បៈវប្បធម៌ ខ្មែរដ៏ល្អផូរផង់ ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិបានទស្សនាបានស្គាល់ និងបានយល់នាពេលនេះ កម្មវិធី «ស្នាមញញឹមនៃកម្ពុជា» ក៏ត្រូវបាននិម្មិតឡើងក្នុងគោលបំណងដ៏ធំបំផុតមួយ គឺជម្រុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាជាថ្មីម្ដងទៀត នៅចុងឆ្នាំ២០២៤ និងការត្រៀមខ្លួនរួចជាស្រេច នៃការឈានចូលមកដល់នៅឆ្នាំ២០២៥៕