(បរទេស)៖ ស្ថាបនិកក្រុមហ៊ុន ByteDance លោក Zhang Yiming បានក្លាយជាអ្នកមានបំផុតលំដាប់ទី១ក្នុងប្រទេសចិនជាលើកដំបូង។ នេះបើយោងតាមបញ្ជីដែលចងក្រងដោយវិទ្យាស្ថានស្រាវជ្រាវ Hurun ខណៈតំណែងនេះត្រូវបានលោក Zhang Yiming ឡើងទៅក្តោបក្តាប់ បន្ទាប់ពីទម្លាក់លោក Zhong Shanshan ប្រធានក្រុមហ៊ុន Nongfu Spring ដែលឈរនៅលំដាប់កំពូលមួយនេះអស់រយៈពេល ៣ឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។
លោក Zhang អាយុ៤៤ឆ្នាំ ដែលមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនចំនួន ៤៩.៣ ពាន់លានដុល្លារបានផ្តួល លោក Zhong ដែលទ្រព្យសម្បត្តិ ៤៧.៩ពាន់លានដុល្លារ។ ក្រុមហ៊ុន ByteDance ត្រូវបានគេស្គាល់ថាជាម្ចាស់កម្មវិធីដ៏ពេញនិយម TikTok ដែលមានអ្នកប្រើប្រាស់សកម្មប្រចាំខែជាងមួយពាន់លាននាក់នៅទូទាំងពិភពលោក។ វិទ្យាស្ថានស្រាវជ្រាវ Hurun បាននិយាយថា ប្រាក់ចំណេញរបស់ក្រុមហ៊ុននេះបានកើនឡើងប្រហែល ៣០% កាលពីឆ្នាំមុន។
លោក Pony Ma Huateng នាយកប្រតិបត្តិនៃក្រុមហ៊ុនអ៊ីនធឺណេតយក្ស Tencent របស់ចិនបានធ្លាក់ទៅចំណាត់ថ្នាក់ទីបី ទោះបីជាទ្រព្យសម្បត្តិរបស់គាត់បានកើនឡើង ១៣% ដល់ ៤៤.៤ ពាន់លានដុល្លារ ចំពេលមានការកើនឡើងនៃប្រាក់ចំណូល និងប្រាក់ចំណេញរបស់ Tencent ក៏ដោយ។ លោក Colin Huang ស្ថាបនិកវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Pinduoduo ជាប់ចំណាត់ថ្នាក់ទី៤ ខណៈដែលទ្រព្យសម្បត្តិរបស់គាត់បានធ្លាក់ចុះ ៩% ។ ស្ថាបនិកក្រុមហ៊ុន Midea លោក He Xiangjian និងនាយកប្រតិបត្តិរបស់ CATL លោក Zeng Yuqun បានជាប់ចំណាត់ថ្នាក់ទី៥ និងទី៦ នៅក្នុងបញ្ជី។
គួរជម្រាបថា ប្រទេសចិនមានបុគ្គលចំនួន ១,០៩៤នាក់ ដែលមានទ្រព្យសម្បត្តិលើសពី ៥ពាន់លានយន់ (៧០០លានដុល្លារ) ធ្លាក់ចុះ ១២%។ នេះបើយោងតាមក្រុមហ៊ុន Hurun Research ។ ទ្រព្យសម្បត្តិសរុបរបស់សហគ្រិនទាំងនោះ មានចំនួន ៣ពាន់ពាន់លានដុល្លារ ដែលទាបជាងឆ្នាំមុន ១០%៕