(ភ្នំពេញ)៖ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត ស្គាល់ថា កូកា-កូឡាកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Swire Coca-Cola Limited មានសេចក្ដីសោមនស្សក្លាយជាអ្នកផ្គត់ផ្គង់ភេសជ្ជៈផ្តាច់មុខរយៈពេលបីឆ្នាំទៅមុខ សម្រាប់ក្រុមហ៊ុន Pizza Hut កម្ពុជា។
កិច្ចសហការរវាងក្រុមហ៊ុនលំដាប់ពិភពលោកទាំងពីរ នឹងធ្វើឲ្យអតិថិជនក្រេបនូវរសជាតិភីហ្សាដ៏ឆ្ងាញ់របស់ Pizza Hut និងភេសជ្ជៈដ៏ស្រស់ស្រាយផ្សេងៗរបស់កូកា-កូឡា ដែលញុំាងឲ្យបរិយាកាសនៅតុអាហារកាន់តែមានន័យ។
តាមរយៈភាពជាដៃគូនេះ កូកា-កូឡាកម្ពុជា នឹងផ្គត់ផ្គង់ភេសជ្ជៈរបស់ខ្លួនរួមមាន Coca-Cola, Sprite, Fanta, Aquarius, Schweppes, Samurai, Dasani និងផ្សេងៗទៀតដល់សាខា Pizza Hut នៅទូទាំងប្រទេសកម្ពុជា។ កិច្ចសហការនេះដើរស្របគ្នា នឹងបេសកកម្មរបស់ក្រុមហ៊ុនទាំងពីរ៖ បេសកកម្មរបស់កូកា-កូឡាកម្ពុជា គឺនាំយកភាពស្រស់ស្រាយមកជូនសហគមន៍ដែលជាផ្ទះទីពីររបស់ក្រុមហ៊ុន រីឯបេសកកម្មរបស់ Pizza Hut វិញគឺដើម្បីឲ្យអតិថិជនអាចផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែស្អិតរមួត តាមរយៈភាពរីករាយនៃការញុំាភីហ្សា។
លោក ចូសេប ហូ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត បាននិយាយថា «យើងមានសេចក្តីរីករាយដែលបានចាប់ដៃគូជាមួយក្រុមហ៊ុន Pizza Hut កម្ពុជា។ ភាពជាដៃគូនេះនឹងឱ្យអ្នកចូលចិត្តភីហ្សានូវ ភាពរីករាយដ៏ពិតប្រាកដ ដែលមិត្តភក្តិ និងក្រុមគ្រួសារពួកគេ រីករាយនៅតុអាហារជុំគ្នា បង្កើតសុភមង្គល ជាមួយនឹងភីហ្សាដ៏មានឱជារស និងកូកា-កូឡាត្រជាក់ៗ នោះនឹងធ្វើឲ្យភីហ្សាដ៏ល្បីល្បាញរបស់ Pizza Hut កាន់តែពិសេសថែមមួយកម្រិតទៀត។»
រៀបរាប់ក្នុងទឹកមុខញញឹមញញ៊ែម លោកស្រី ផល្លា ស៊ុនធីស៊ីរី អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Pizza Hut កម្ពុជា បានលើកឡើងអំពីកត្តាសំខាន់ៗដែលនាំឱ្យក្រុមហ៊ុនលោកស្រី ចាប់ដៃគូជាមួយកូកា-កូឡាកម្ពុជា។ «នៅ Pizza Hut កម្ពុជា យើងមានមោទកភាពចាប់ដៃសហការជាមួយកូកា-កូឡា ដែលជាម៉ាកយីហោដ៏ល្បីល្បាញលើពិភពលោក។ ដូចគ្នាទៅនឹងកូកា-កូឡាកម្ពុជាដែរ យើងមានការប្តេជ្ញាចិត្តក្នុងការធានាស្តង់ដារគុណភាពលំដាប់ពិភពលោក។ ចំនុចនេះធានាថា គ្រប់ម៉ាត់នៃភីហ្សារបស់យើង គឺមានរសជាតិល្អឯក ស្របទៅនឹងកេរ្តិ៍ឈ្មោះល្បីល្បាញរបស់យើង ហើយអតិថិជននឹងទទួលបានបទពិសោធន៍ញុំាភីហ្សាល្អឥតខ្ចោះផងដែរ។»
ក្រោមការដឹកនាំថ្មីរបស់ក្រុមហ៊ុន PH Restaurant Co., Ltd., Pizza Hut កម្ពុជា បានខិតខំប្រឹងប្រែងផ្តល់នូវ បទពិសោធន៍ពិសេសសម្រាប់អតិថិជនជាលក្ខណៈគ្រួសារដែលមានកូនតូចៗ និងយុវវ័យដែលនិយមញុំាភីហ្សាជុំមិត្តភក្តិផងដែរ។ ជាមួយនឹងទំព័រថ្មីនៃប្រវត្តិសាស្ត្រដ៏គួរឱ្យរំភើបរបស់ Pizza Hut កម្ពុជា ក្រុមហ៊ុនសូមអញ្ជើញអតិថិជនមកទទួលយករសជាតិភីហ្សាដ៏ល្អឯកនៅ Pizza Hut ទាំង 8 សាខារួមមាន ទួលទំពូង កាល់ម៉ែត បឹងកេងកង កម្ពុជាក្រោម គីរីរម្យ ចោមចៅ ដំរីផាកម៉ល និង ផ្សារទំនើបអ៉ីអនមានជ័យ។
លោកអ្នកអាចស្វែងរកសាខា Pizza Hut ដែលនៅជិតបំផុតនៅទីនេះ៖ https://maps.app.goo.gl/CaT1wRErLLELyXyv8?g_st=it ។
កិច្ចសហការនេះផ្ដល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនផង និងអតិថិជនផង។ Pizza Hut ទទួលបានការផ្គត់ផ្គង់ភេសជ្ជៈលំដាប់ពិភពលោក តាមរយៈបណ្ដាញចែកចាយទូទាំងប្រទេសរបស់កូកា-កូឡាកម្ពុជា ខណៈពេលដែលអតិថិជនអាចទទួលបាននូវរសជាតិអាហារដ៏ល្អឥតខ្ចោះ ជាមួយនឹងភីហ្សារបស់ Pizza Hut និងភេសជ្ជៈកូកា-កូឡាត្រជាក់ៗស្រស់ស្រាយ។