(ប៉ារីស)៖ ថ្នាក់ដឹកនាំនៃក្លិបបាល់ទាត់អាជីព Real Madrid បានធ្វើពហិការ មិនចូលរួមកម្មវិធីចែកពាន Ballon d’Or នារាត្រីថ្ងៃចន្ទ នៅទីក្រុងប៉ារីស ប្រទេសបារាំងឡើយ ក្រោយទទួលដំណឹងថា កូនសិស្សរបស់ពួកគេ គឺខ្សែប្រយុទ្ធ Vinicius Junior បានត្រឹមជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពី Rodri នោះ។
ប៉ុន្តែយ៉ាងណា ក្លិបយក្សអេស្ប៉ាញមួយនេះ ក៏ត្រូវបានបោះឆ្នោតជាប់ជាក្លិបលេងល្អដាច់គេផងដែរ ប្រចាំឆ្នាំ២០២៤ ក្នុងនាមក្រុមជើងឯក UEFA Champions League និងពាន La Liga នៃលីគកំពូលអេស្ប៉ាញថែមទៀតផង។
ការអវត្តមាននៃក្រុមជើងឯកអឺរ៉ុបមួយនេះ វាត្រូវបានគេគិតថា «មិនផ្តល់ការគោរព» បើទោះបីជា Vinicius មិនទទួលបានពាន Ballon d’Or ជំនាន់ទី៦៨ ក្តី។ នេះបើយោងតាមរបាយការណ៍ដែលចេញដោយ AFP និងប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ តាមរយៈ BBC នៅថ្ងៃនេះ។
ក្រៅពីគ្រូបង្វឹក Carlo Ancelotti ដែលឈ្នះពានគ្រូបង្វឹកល្អប្រចាំឆ្នាំផងនោះ មិនបានចូលរួម ក៏នៅមានខ្សែប្រយុទ្ធបារាំង Kylian Mbappe ក៏អវត្តមានដែរ ដែលត្រូវទទួលពាន កីឡាករស៊ុតបាន ៥២គ្រាប់ច្រើនជាងគេរដូវកាលមុន ស្មើគ្នាជាមួយ Harry Kane មកពី Bayern Munich ស្របពេល Vinicius Jr ដែលស៊ុតបាន ២៤គ្រាប់ និងបោះបាល់ ១១គ្រាប់នៃរដូវកាលឆ្នាំ២០២៣-២០២៤។
បន្ទាប់ពី Rodri ត្រូវបានប្រកាសជយលាភី Vinicius Jr ក៏បានបង្ហោះនៅលើបណ្តាញសង្គម X ថា «ប្រសិនបើខ្ញុំចង់ឈ្នះវា ខ្ញុំត្រូវតែសាងគុណសម្បតិ្ត ១០x។ ពួកគេមិនទាន់រួចរាល់នៅឡើយទេ»៕