(ភ្នំពេញ)៖ ការរៀបចំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ដោយសហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានបិទបញ្ចប់យ៉ាងជោគជ័យហើយ ដែលធ្វើឡើង ក្រោមអធិបតី លោក តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិក និង លោក ឡាំង អូណា ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា រួមទាំងមន្រ្តីតំណាងក្រសួងឣប់រំយុវជននិងកីឡា ព្រមទាំងមន្រ្តីសហព័ន្ធជាច្រើនរូបទៀត។
ពិធីបិទការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ បានប្រព្រឹត្ដទៅនៅក្លឹប Phnom Climb Community Gym។
ជាមួយគ្នានេះដែរ លោក តែម ម៉ឺន មានថ្លែងថា ការប្រកួតនេះដើម្បីជ្រើសរើសអត្តពលិកឆ្នើមត្រៀមចូលរួម Sea Game 2025 នៅប្រទេសថៃខាងមុខនេះផងដែរ។
សូមបញ្ជាក់ថា ការប្រកួតមានរយៈពេល៣ថ្ងៃ (ចាប់ពីថ្ងៃទី២៥-២៧ ខែតុលា ឆ្នាំ២០២៤) មាន៣វិញ្ញាសាប្រកួត មាន៧ក្លឹបមកពីខេត្តសៀមរាប ខេត្តកំពតនិងរាជធានីភ្នំពេញចូលរួម ដែលមានកីឡាករ-កីឡាការិនីសរុប ៥៩នាក់ ក្នុងនោះស្រី១៣នាក់៕