(សៀមរាប)៖ ក្នុងកម្មវិធីដង្ហែព្រះបាទជ័យវរ្ម័នក្នុងព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ តារាចម្រៀងលោកឧកញ៉ា ខេមរៈ សិរីមន្ត សម្ដែងជាតួអង្គ ព្រះបាទជ័យវរ្ម័នទី៧ ខណៈលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ក្លាយជាតួអង្គព្រះនាងឥន្ទ្រទេវី។ ពិធីដង្ហែនៅខាងក្រៅបរិវេណប្រាង្គប្រាសាទអង្គរតូច គេសង្កេតឃើញមានមហាជនជាច្រើនកុះករ បានឈររង់ចាំទស្សនាទស្សនីយភាពដ៏អស្ចារ្យកម្របានឃើញនៅពេលនេះ។

ស្ថិតនៅក្នុងបរិយាកាសល្អ និងអាកាសធាតុដ៏ត្រជាក់ ហាក់ដូចជាបានប្រទានពីទេវតាសម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ស្នាមញញឹមនៃកម្ពុជា» បានប្រព្រឹត្តិទៅដោយភាពរលូនតាមរបៀបវីរៈដែលបានគ្រោងទុក។ «ស្នាមញញឹមនៃកម្ពុជា» ជាសកម្មភាពសង្គមដែលបង្កើតឡើងដើម្បីលើកកម្ពស់វិស័យទេសចរណ៍តាម
រយៈការចែករំលែកនូវទំនៀមទម្លាប់ និងមេរៀននៃស្នាមញញឹមដែលបង្ហាញពីមិត្តភាពរបស់ប្រជាជនកម្ពុជា។

ស្នាមញញឹមក្នុងប្រវត្តិសាស្ត្រ និងវប្បធម៌កម្ពុជា មានន័យជាសញ្ញាដែលបង្ហាញពីការពេញចិត្ត និងអំណរចិត្តនៅក្នុងសង្គមខ្មែរ។ តាមប្រវត្តិសាស្ត្រវប្បធម៌ខ្មែរ បុព្វបុរសបានធ្វើឱ្យស្នាមញញឹមក្លាយជាសញ្ញានៃសន្តិភាព និងសាមគ្គីភាព។

«ស្នាមញញឹមនៃកម្ពុជា» កម្មវិធីនេះជាមធ្យោបាយមួយក្នុងការពង្រឹងស្មារតីនៃកម្ពុជាដែលគួរឱ្យស្រលាញ់ដែលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិព្រឹត្តការណ៍នេះមិនត្រឹមតែមានន័យជាការអបអរសាទរនៅលើស្នាមញញឹមនោះទេ ប៉ុន្តែក៏ជាការបង្កើនភាពរួបរួម និងការប្តេជ្ញាក្នុងការអភិវឌ្ឍសហគមន៍ជាមួយគ្នា។

ការដង្ហែរព្រះបាទជ័យវរ្ម័នក្នុងព្រឹត្តិការណ៍នេះ គឺដើម្បីរំឭកឱ្យមានការចងចាំនូវវីរភាពរបស់ព្រះអង្គ ជាការដាសតឿនដល់កូនខ្មែរជំនាន់ក្រោយឱ្យពង្រឹងចំណងសាមគ្គីភាព ជាតិនិយមនៃប្រជាជនខ្មែរ។ ព្រឹត្តិការណ៍នេះក៏ជាការរំឭកដល់បុព្វហេតុនៃសិល្បៈ និងវប្បធម៌ដែលព្រះបាទជ័យវរ្ម័នទី៧ បានបង្កើត និងបន្សល់ទុក និងដើម្បីបង្ហាញអំពីអំណាច និងសិល្បៈដ៏សម្បើមនៃសម័យនោះ៕