(ភ្នំពេញ)៖ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានចាត់ទុកការប្រកួតកីឡាជាតិ លើកទី៤ គឺជាឱកាសមួយទៀត ដើម្បីពង្រឹងសមត្ថភាព ទាំងធនធានអាជ្ញាកណ្ដាល-ចៅក្រម និងអត្តពលិកវ័យក្មេង ចូលរួមបង្ហាញសមត្ថភាព ទេពកោសល្យ និងអភិវឌ្ឍន៍ខ្លួនឆ្ពោះទៅរកការប្រកួតអន្ដរជាតិនានា។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្រោយពិធីបិទវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រម រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៧-៣០ ខែតុលា នៅអគារខេមរានី ស.ស.យ.ក រាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីត្រៀមការប្រកួតកីឡាជាតិ លើកទី៤ លើប្រភេទកីឡាវ៉ូវីណាម ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។

ប្រធានសហព័ន្ធដដែលបន្ដថា វគ្គនេះរៀបចំឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ដ្រីបច្ចេកទេសខ្លួន សម្រាប់ការប្រកួតកីឡាជាតិនាពេលខាងមុខ។ ក្នុងចំណោមអាជ្ញាកណ្ដាល-ចៅក្រមទាំងអស់ ក៏មានកីឡាករ-កីឡាការិនីជម្រើសជាតិ ដែលអាចប្រកួតលក្ខណៈជាតិ និងអន្ដរជាតិចូលរួមដែរ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីបទបញ្ជាការប្រកួត ក៏ដូចជាផ្ដល់ឱកាសដល់យុវជនជំនាន់ក្រោយ។

លោក អ៊ូ រតនា បន្ថែមថា «យើងដឹងហើយថា កីឡាវ៉ូវីណាម មានការប្រកួតយូរហើយ ខណៈអត្តពលិកខ្លះ ក៏មានអាយុច្រើនដែរ។ អ៊ីចឹងពេលចប់ពីជម្រើសជាតិ តួនាទីរបស់ពួកគាត់មាន ២ ទី១-អាចធ្វើជាគ្រូបង្វឹកតាមក្លិប និងទី២-ធ្វើជាចៅក្រម និងអាជ្ញាកណ្ដាល។ ដូច្នេះការអនុញ្ញាតឲ្យអត្តពលិកជម្រើសជាតិ មកធ្វើអាជ្ញាកណ្ដាល-ចៅក្រម ខ្ញុំជឿថា ជាចំណុចដ៏ល្អមួយ ព្រោះពួកគាត់បានយល់ដឹង និងបានចូលរួមការប្រកួតជាលក្ខណៈជាតិ និងអន្ដរជាតិជាច្រើនមកហើយ»

បន្ថែមលើនេះ ដោយឈរលើចក្ខុវិស័យវែងឆ្ងាយ សហព័ន្ធបានកាត់បន្ថយអត្តពលិកជម្រើសជាតិចូលរួមការប្រកួត ហើយផ្ដល់ឱកាស និងលើកទឹកចិត្តឲ្យអត្តពលិកវ័យក្មេងជាច្រើនចូលរួមការប្រកួតកីឡាជាតិឆ្នាំនេះ ដើម្បីងាយស្រួលដល់ក្រុមការងារគ្រូជ្រើសរើសអ្នកបន្ដវេន ក៏ដូចជាចូលរួមប្រមូលផ្ដុំជម្រើសជាតិ ត្រៀមការប្រកួតអន្ដរជាតិនានាផងដែរ។

លោកថា «កីឡាករ-កីឡាការិនីមានសមត្ថភាពខ្ពស់ សហព័ន្ធឲ្យពួកគាត់ធ្វើជាអាជ្ញាកណ្ដាល-ចៅក្រម ហើយកីឡាករ-កីឡាការិនីជម្រើសជាតិ ដែលចូលរួមបាន គឺអនុញ្ញាតឲ្យប្រកួតតែ ១វិញ្ញាសាប៉ុណ្ណោះ។ ករណីនេះ ដោយសារសហព័ន្ធចង់ផ្ដល់ឱកាសយុវជនជំនាន់ក្រោយ គាត់ខំប្រឹង និងព្យាយាម ក្នុងការបង្ហាញសមត្ថភាព ក៏ដូចជាដណ្ដើមមេដាយ។ ដូច្នេះគោលដៅសំខាន់ គឺយើងផ្តោលើយុវជន ដើម្បីត្រៀមការប្រកួតជាច្រើនទៀត នាថ្ងៃអនាគត»

យោងតាមរបាយការណ៍លោក លី ចាន់សុភក្តី អគ្គលេខាធិការរងសហព័ន្ធ បានបញ្ជាក់ថា វគ្គនេះ បង្រៀនដោយគ្រូឧទ្ទេសអន្ដរជាតិជនជាតិវៀតណាម លោក Nguyen Vancuong និងលោក ទេព ជីវសុខុម អាជ្ញាកណ្ដាលអន្ដរជាតិរបស់កម្ពុជា។ ឆ្លងកាត់ការសិក្សារយៈពេល ៤ថ្ងៃ ក្នុងចំណោមសិក្ខាកាម ២៥នាក់ ទទួលបាននិទ្ទេសល្អ ៧០% មធ្យម ២០% និងខ្សោយ ១០% ។ បន្ទាប់ពីវគ្គនេះ សហព័ន្ធក៏បានជំរុញសិក្ខាកាមទាំងអស់ ខិតខំសិក្សាស្វែងយល់បន្ថែម ដើម្បីក្លាយជាអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិផងដែរ៕