(មេនឆេស្ទើ)៖ Sporting Lisbon បានទម្លាយមកថា ក្លិបអង់គ្លេស Manchester United បានព្រមព្រៀងបង់ទឹកប្រាក់ប្រមាណ ១០លានអឺរ៉ូ ក្នុងការផ្តាច់កិច្ចសន្យាចាស់របស់លោក Ruben Amorim ដែលមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៦ បើទោះបីជាបុរសសញ្ជាតិព័រទុយហ្គាល់រូបនេះមិនទាន់សម្រេចចិត្តពីអនាគតរបស់លោកក៏ដោយ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Amorim វ័យ ៣៩ឆ្នាំ បានចូលដឹកនាំ Sporting នាអំឡុងខែមីនា ឆ្នាំ២០២០ ពុំទាន់បានធ្វើការសម្រេចចិត្តនៅឡើយទេ បើទោះបីជាភាគីក្លិបទាំងពីរ បានព្រមព្រៀងគ្នាយ៉ាងណាហើយក៏ដោយ។
លោកបានថ្លែងប្រាប់ Sport TV ក្រោយដឹកនាំ Sporting លេងឈ្នះ Nacional កាលពីរាត្រីថ្ងៃអង្គារ ដោយលទ្ធផល ៣-១ នៅ League Cup របស់ព័រទុយហ្គាល់ថា «គ្រប់យ៉ាងគឺមិនទាន់បានសម្រេចចិត្តនៅឡើយទេ។ ខ្ញុំមិនដឹងថា តើនេះជាការប្រកួតលាគ្នា ឬក៏អត់ទេ»។
លោក Amorim ដែលធ្លាប់ជាកូនសិស្សរបស់លោក Jose Mourinho ផងនោះបានបញ្ជាក់ថា លោកនឹងបន្តដឹកនាំការហ្វឹកហាត់នៅថ្ងៃពុធ ទី៣០ ខែតុលានេះទៀត ដើម្បីត្រៀមលក្ខណៈសម្បតិ្តលេងលីគនៅរាត្រីថ្ងៃសុក្រទល់នឹងក្រុម Estrela da Amadora។
គួរបញ្ជាក់ផងថា លោក Ruben Amorim គឺបេក្ខជននាំមុខគេ ក្នុងការមកជំនួសតំណែងលោក Erik ten Hag ដែលបិសាចក្រហម Manchester United សម្រេចចែកផ្លូវកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រោយពេលចូលដឹកនាំតាំងពីឆ្នាំ២០២២ និងដាក់ជំនួយការលោក Ruud van Nistelrooy ជាគ្រូបណ្តោះអាសន្ន៕