(លីវើភូល)៖ Diogo Jota ខ្សែប្រយុទ្ធជួរមុខរបស់ Liverpool ត្រូវរង់ចាំដល់ចប់លេងជម្រើសប្រចាំខែវិច្ឆិកានេះរួច ទើបអាចចូលប្រកួតវិញបាន ដោយសាររបួសឆ្អឹងជំនី។ នេះបើតាមការបញ្ជាក់របស់គ្រូបង្វឹក Arne Slot ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC។

តារាជើងស៊ុតក្នុងជម្រើសជាតិព័រទុយហ្គាល់រូបនេះ បានអវត្តមាន ២ប្រកួតមកហើយជាមួយហង្សក្រហម បន្ទាប់ពីជួបបញ្ហារបួសខាងលើ ក្រោយពេលជួយ Liverpool លេងឈ្នះ Chelsea ២-១ នៅ Premier League កាលពីថ្ងៃទី២០ ខែតុលា ដោយបានប៉ះទង្គិចគ្នាជាមួយខ្សែការពារ Tosin Adarabioyo របស់តោខៀវ។

កាលពីពេលថ្មីៗនេះដែរ កីឡាករវ័យ ២៧ឆ្នាំខាងលើនេះ មិនទាន់បានចូលហ្វឹកហាត់វិញនៅឡើយទេ ក្រោយពេលអវត្តមាន ២លើករួចមក និងអាចបាត់មុខ ៤ប្រកួតបន្ថែមទៀតដែរគ្រប់កម្មវិធី ពោលគឺក្រោយពេលសម្រាកលេងជម្រើសជាតិចាប់ពីថ្ងៃទី១១-១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ចប់ឯណោះ។

Liverpool ក្រុមលេខ៣ ក្នុងលីគរដូវកាលមុន ត្រូវស្វាគមន៍ Brighton នៅកីឡដ្ឋាន Anfield នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ មុនបន្តទទួលភ្ញៀវ Bayer Leverkusen ក្នុង Champions League និងប៉ះ Aston Villa ដែលស្ថិតក្នុងទីក្រុងតែមួយរបស់អង់គ្លេស នៅមុនពេលលីគសម្រាក ដើម្បីកីឡាករបានទៅលេងជម្រើសជាតិ៕