(បរទេស)៖ សារព័ត៌មាន Wall Street Journal បានរាយការណ៍នៅថ្ងៃអង្គារនេះថា ក្រុមហ៊ុន Statup ថ្មីរបស់កំពូលមហាសេដ្ឋី Elon Musk គឺ xAI កំពុងពិភាក្សាជាមួយអ្នកវិនិយោគ សម្រាប់ការប្រមូលទុនវិនិយោគដែលនឹងផ្តល់តម្លៃប្រហែល ៤០ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្នគម្រោងនេះ កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការពិភាក្សា ដែលមានន័យថាលក្ខខណ្ឌអាចផ្លាស់ប្តូរ ឬកិច្ចពិភាក្សាអាចធ្លាក់ចុះដោយប្រការណាមួយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។

ជុំវិញរបាយការណ៍ខាងលើនេះ លោក Elon Musk មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​របស់ Reuters ទេ។ xAI បានរៃអង្គាសប្រាក់ចំនួន ៦ពាន់លានដុល្លារនៅក្នុងការផ្តល់មូលនិធិស៊េរី B នៅក្នុងខែឧសភាកន្លងទៅ។ Musk ដែលជាមហាសេដ្ឋីបច្ចេកវិទ្យា បានចាប់ផ្តើម xAI នៅក្នុងខែកក្កដា ឆ្នាំ ២០២៣ ដែលបង្កើតគើងដើម្បីប្រជែងជាមួយ ChatGPT របស់ OpenAI ។ កាលពីមីនាកន្លងទៅ xAI បានប្រកាសថានឹងបើកការដំណើរការ AI ថ្មីរបស់ខ្លួនឈ្មោះថា «Grok» ដែលផ្តល់ឱ្យសាធារណៈជនអាចចូលប្រើដោយឥតគិតថ្លៃ ដើម្បីពិសោធន៍ជាមួយបច្ចេកវិទ្យាពីក្រុមហ៊ុន AI ផ្សេងទៀតដូចជា Meta និង Mistral របស់បារាំងដែលមានគំរូ AI បើកចំហ។

គួរជម្រាបថា ក្រុមហ៊ុនដែលលេចធ្លោរជាងគេក្នុងវិស័យ AI គឺមានដូចជា OpenAI ដែលគាំទ្រដោយ Microsoft និង Google របស់ Alphabet ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលនាំមុខគេក្នុងការប្រជែងគ្នាយ៉ាងស្វិតស្វាញសម្រាប់ការត្រួតត្រា AI ដែលជំរុញឱ្យមានការវិនិយោគសំខាន់ៗ និងការច្នៃប្រឌិតនៅក្នុងទិដ្ឋភាពវិវត្តន៍យ៉ាងឆាប់រហ័ស។ កាលពីដើមខែតុលា OpenAI ប្រមូលបានទុនវិនិយោគចំនួន ៦.៦ពាន់លានដុល្លារពីអ្នកវិនិយោគ ដែលអាចឱ្យក្រុមហ៊ុននេះមានតម្លៃ ១៥៧ពាន់លានដុល្លារ និងពង្រឹងជំហររបស់ខ្លួនជាក្រុមហ៊ុនឯកជនដ៏មានតម្លៃបំផុតមួយនៅក្នុងពិភពលោក៕