(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់ពិភពលោក បានធ្វើឱ្យការធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ កាន់តែមានភាពងាយស្រួល និងតម្លៃសមរម្យសម្រាប់អ្នកដំណើរកម្ពុជាជាមួយនឹង «កន្លែងផ្តល់ទិដ្ឋាការរួម» របស់ខ្លួនសម្រាប់ទិដ្ឋាការអេមីរ៉ាតអារ៉ាប់រួម តម្លៃសំបុត្រគួរឲ្យទាក់ទាញ និងផ្លូវអាកាសតភ្ជាប់ដោយរលូន ទៅកាន់គោលដៅជាង ១៤០ទីតាំង តាមរយៈទីក្រុងឌូបៃ និងប្រទេសសិង្ហបុរី។
ក្រុមហ៊ុន Emirates បានចាប់ផ្តើមឡើងវិញ នូវជើងហោះហើរពីភ្នំពេញ ទៅឌូបៃជារៀងរាល់ថ្ងៃតាមរយៈប្រទេសសិង្ហបុរី កាលពីខែឧសភាឆ្នាំនេះ ហើយកំពុងផ្តល់ជូន អ្នកដំណើរកម្ពុជានូវវិធី «មិនមានភាពស្មុគស្មាញ» ដើម្បីទទួលបានទិដ្ឋាការទេសចរណ៍ទៅកាន់ អេមីរ៉ាតអារ៉ាប់រួម នៅពេលកក់សំបុត្រយន្តហោះ ជាមួយក្រុមហ៊ុនអាកាសចរណ៍នេះដោយមិនចាំបាច់ទៅស្ថានទូត។
ឥឡូវនេះ អ្នកដំណើររបស់ក្រុមហ៊ុន Emirates ទាំងអស់ដែលត្រូវការទិដ្ឋាការដើម្បីធ្វើដំណើរទៅឌូបៃអាចដាក់ពាក្យសុំទិដ្ឋាការរបស់ពួកគេនៅការិយាល័យ Emirates នៅជាន់ទី ១៦ នៃអាគារ The Peak ក្នុងរាជធានីភ្នំពេញ។ បន្ថែមពីភាពងាយស្រួល ក្រុមហ៊ុន Emirates ក៏កំពុងផ្តល់ជូននូវតម្លៃប្រកួតប្រជែងលើជើងហោះហើរទៅកាន់ប្រទេសសិង្ហបុរី និងប្រទេសជាច្រើនទៀតផងដែរ។
ឥឡូវនេះ អ្នកដំណើរកម្ពុជាអាចតភ្ជាប់បានយ៉ាងងាយស្រួល ជាមួយតម្លៃសំបុត្រសមរម្យតាមរយៈប្រទេសសិង្ហបុរីជាមួយអាកាសចរណ៍ Emirates ដើម្បីទៅដល់កន្លែងពេញនិយមនៅទូទាំងទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា អាមេរិកខាងជើង និងអាហ្វ្រិក។
លោក Mohammed Al Qassim អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន Emirates បានថ្លែងថា «នៅ Emirates យើងទទួលស្គាល់ថា ប្រជាជនកម្ពុជា កាន់តែមានជម្រើសកាន់តែច្រើនឡើងៗ ចំពោះគោលដៅកម្សាន្តរបស់ពួកគេ។ ហេតុនេះហើយបានជាយើងចង់ធ្វើឱ្យការធ្វើដំណើររបស់ពួកគេ ក្នុងបណ្តាញដ៏ធំទូលាយរបស់យើងមានភាពងាយស្រួល និងសន្សំសំចៃតាមដែលអាចធ្វើទៅបាន»។
ចាប់ពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៥ ក្រុមហ៊ុន Emirates ពង្រឹងសេវាកម្មរបស់ខ្លួនរវាងទីក្រុងភ្នំពេញ ទីក្រុងសិង្ហបុរី និងទីក្រុងឌូបៃ ជាមួយនឹងកាលវិភាគហោះហើរថ្មីដ៏ងាយស្រួល។
អ្នកដំណើរដែលចេញដំណើរពីភ្នំពេញតាមជើងហោះហើរលេខ EK 349 នឹងរីករាយជាមួយការចេញដំណើរពេលល្ងាចនៅម៉ោង ២១:៣០ ទៅដល់ប្រទេសសិង្ហបុរីនៅម៉ោង ០០:៣០ (+1 ថ្ងៃ) រួចឈប់សម្រាករយៈពេល ២ ម៉ោងមុននឹងបន្តដំណើរទៅកាន់ទីក្រុងឌូបៃនៅម៉ោង ០២៖៣០ និងចុះចតនៅម៉ោង ០៦:០០ (+1 ថ្ងៃ) ដែលជាពេលវេលាដ៏ល្អសម្រាប់ការធ្វើដំណើរពេលព្រឹកព្រលឹម។
សម្រាប់អ្នកដែលហោះហើរមកកម្ពុជាតាមជើងហោះហើរ EK 348 ការធ្វើដំណើរចាប់ផ្តើមពីម៉ោង ០៤៖៣០ ព្រឹកដោយចេញដំណើរពីទីក្រុងឌូបៃមកដល់ប្រទេសសិង្ហបុរីនៅម៉ោង ១៥៖៤០ នាទី ហើយឈប់សម្រាក ១ ម៉ោង ៤៥ នាទី រួចចេញដំណើរនៅម៉ោង ១៧៖២៥ ដោយចុះចតនៅទីក្រុងភ្នំពេញនៅម៉ោង ១៨៖២៥។
កាលវិភាគនេះផ្តល់ឱ្យអ្នកធ្វើដំណើរកាន់តែមានភាពបត់បែន និងផាសុកភាពដែលធ្វើឱ្យមានភាពងាយស្រួលជាងមុន ក្នុងការតភ្ជាប់រវាងទីក្រុងដ៏ទំនើបទាំងនេះ ជាមួយប្រតិបត្តិការប្រចាំថ្ងៃដោយយន្តហោះ Boeing 777-300ER ដ៏ទំនើបរបស់ក្រុមហ៊ុន Emirates។
គេហទំព័រអន្តរជាតិ Emirates www.emirates.com លើកទឹកចិត្តអ្នកធ្វើដំណើរអន្តរជាតិឱ្យស្វែងយល់ពីភាពទាក់ទាញជាច្រើនរបស់ប្រទេសកម្ពុជា រួមទាំងប្រវត្តិសាស្រ្ត សិល្បៈ និងវប្បធម៌ខ្មែរនៅក្នុងរាជធានី ភ្នំពេញ ក៏ដូចជាទេសភាព និងឆ្នេរដ៏គួរឱ្យទាក់ទាញរបស់ប្រទេស។
នៅក្នុងខែឧសភា ការដាក់ដំណើរការឡើងវិញនូវជើងហោះហើរប្រចាំថ្ងៃរបស់ក្រុមហ៊ុន Emirates ត្រូវបានកត់សម្គាល់ដោយពិធីស្វាគមន៍ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)។
ជាមួយនឹងអាកាសចរណ៍ Emirates ថ្ងៃលំហែកាយនឹងចាប់ផ្តើមជាមួយជើងហោះហើរដែលមានកម្មវិធីកម្សាន្តលើយន្តហោះដែលឈ្នះពានរង្វាន់របស់ Emirates ដោយផ្តល់ជូនជាង ៦៥០០ កម្មវិធីភាពយន្ត ទូរទស្សន៍ តន្ត្រី និងហ្គេមតាមតម្រូវការ និងជាច្រើនភាសាផងដែរ។
អ្នកដំណើរទាំងអស់ក៏អាចរីករាយជាមួយការភ្ជាប់ Wi-Fi ដោយឥតគិតថ្លៃនៅលើយន្តហោះ នៅពេលដែលពួកគេចុះឈ្មោះចូលកម្មវិធី Emirates Skywards និងទទួលបាននូវរសជាតិនៃគោលដៅរបស់ពួកគេតាមរយៈអាហារច្រើនមុខ និងភេសជ្ជៈឥតគិតថ្លៃ។
សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូនពិសេសនេះ សូមចូលទៅកាន់គេហទំព័រ https://www.emirates.com៕