(បរទេស)៖ ក្រុមហ៊ុន Google ឥឡូវនេះបានបន្ថែមភាពងាយស្រួលមួយកម្រិតទៀតទៅកាន់អ្នកប្រើប្រាស់ Gmail តាមរយៈកម្មវិធី AI ថ្មី ដើម្បីជួយអ្នកប្រើប្រាស់ក្នុងការសរសេរសារ email ដោយប្រើ Gemimi AI។ ដូចនៅលើទូរស័ព្ទដែរ អ្នកប្រើប្រាស់នឹងឃើញកន្លែងប្រើមុខងារនេះ នៅពេលបើក Gmail ខណៈមុខងារនេះមានឈ្មោះថា «Help me write»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Verge នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។
មុខងារ «Help me write» របស់ Google គឺអាចប្រើបានសម្រាប់តែអ្នកប្រើប្រាស់ដែលជាវ Google One AI Premium ឬមាន Gemini add-on សម្រាប់ Workspace ប៉ុណ្ណោះ។ បន្ថែមពីលើការបង្កើតសេចក្តីព្រាងអ៊ីមែល មុខងារ «Help me write» ក៏អាចផ្តល់យោបល់អំពីរបៀបបង្កើតសារជាផ្លូវការ លម្អិត ឬសារខ្លីៗបានផងដែរ។ Google ក៏កំពុងបន្ថែម shortcut សម្រាប់ជម្រើស «Polish» ដែលមាននៅក្នុងមុខងារ «Help me write» ដែលនឹងបង្ហាញនៅលើអ្វីដែលអ្នកប្រើប្រាស់បានសរសេរព្រាង ដែលមានជាង១២ពាក្យ។ សម្រាប់ Gmail នៅលើគេហទំព័រ អ្នកប្រើប្រាស់អាចចុច Ctrl + H ដើម្បីកែលម្អអ៊ីមែលយ៉ាងឆាប់រហ័ស។ សម្រាប់ការប្រើនៅលើទូរសព្ទដៃ អ្នកប្រើប្រាស់នឹងឃើញជម្រើសពាក្យ «Fefine my draft» ដែលមានស្រាប់។ បន្ទាប់មក អ្នកប្រើប្រាស់អាចកែប្រែសារបន្ថែមទៀតជាមួយនឹងឧបករណ៍កែសម្រួល AI ផ្សេងទៀតរបស់ Google ។
គួរជម្រាបថា សម្រាប់មុខងារពិសេសនេះ Google នឹងដាក់ចេញជាបណ្តើរៗ ទាំងនៅលើគេហទំព័រ និងនៅលើទូរស័ព្ទ៕