(មីឡាន)៖ ពពកស Napoli អតីតជើងឯក Serie A កាលឆ្នាំ២០២៣ បានកាន់កាប់តំណែងកំពូលតារាងលីគរបស់អ៊ីតាលីរដូវកាលនេះយ៉ាងរឹងមាំ ជាមួយនឹងការនាំមុខដាច់ ៧ពិន្ទុឯណោះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការបន្ថែម ៣ពិន្ទុក្រៅដីនាយប់មិញនេះ តាមរយៈជ័យជម្នះ ២ទល់នឹង០ របស់ពួកគេទៅលើម្ចាស់ផ្ទះ AC Milan បានធ្វើឱ្យក្រុមដែលមានកីឡាករ Romelu Lukaku និង Scott McTominay រួមទាំងគ្រូបង្វឹក Antonio Conte រកបាន ២៥ពិន្ទុ ដោយនាំមុខដាច់ ៧ពិន្ទុផងដែរពីក្រុមលេខ២ Inter Milan ដែលមាន ១៨ពិន្ទុ ក្រោយលេងបាន ១០ប្រកួតជើងទី១ ដ្បិតក្រុមការពារតំណែងជើងឯក នៅសល់ ១ប្រកួតក្នុងដៃ។

ខ្សែប្រយុទ្ធប៊ែលហ្សិក Lukaku អតីតកីឡាករ Inter ផងនោះ រកបានគ្រាប់បាល់បើកឆាក ត្រឹមចាប់ផ្តើមលេងបាន ៥នាទីប៉ុណ្ណោះ ពីការវិលត្រឡប់ទៅទឹកដី San Siro ម្តងទៀត។

ក្នុងនាមម្ចាស់ផ្ទះ AC Milan ក៏បានធ្វើការឆ្លើយតបភ្លាមៗផងដែរ ប៉ុន្តែត្រូវបានជួយសង្រ្គោះដោយកីឡាករចាំទី Alex Meret នៅមុនពេល Khvicha បានបន្ថែមគ្រាប់ទី២ តែប៉ុន្មាននាទី មុនពេលដល់ម៉ោងសម្រាកវគ្គទី១។ ខ្សែប្រយុទ្ធ Alvaro Morata បានតែតបញ្ចូលទីបាន ១គ្រាប់ តែត្រូវបាន VAR បដិសេធ ដោយសារស្ថិតក្នុងជំហរក្រៅល្បែង។

តាមរយៈការបរាជ័យជាលើកទី៣ ក្នុងលីគនារដូវកាលឆ្នាំ២០២៤-២០២៥ នេះដែរ បានញាំងឱ្យ AC Milan ធ្លាក់ទៅលេខរៀងទី៨ បណ្តោះអាសន្ន ដោយទើបរកបាន ១១ពិន្ទុប៉ុណ្ណោះ ដ្បិតលោក Conte បានកំពុងស្វែងរកការឈ្នះពាន Serie A ជាលើកទី៥ ក្រោយពេលឈ្នះពាន ៣លើកជាមួយ Juventus និង ១លើកផ្សេងទៀត ពេលដឹកនាំ Inter Milan៕