(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានបង្កើនប្រតិបត្តិការផលិត និងនាំចេញរបស់ខ្លួនកាន់តែខ្លាំងឡើងនៅក្នុងប្រទេសឥណ្ឌា ដោយថ្មីៗនេះបានរាយការណ៍ពីការនាំចេញ iPhone មានតម្លៃខ្ទង់ ៦ពាន់លានដុល្លារក្នុងរយៈពេលប្រាំមួយចុងក្រោយ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤។ តួរលេខនេះ តំណាងឱ្យការកើនឡើងប្រមាណ មួយភាគបី ពោលគឺ ប្រហែល ៣៣ភាគរយនៃការនាំចេញ បើបៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។
ប្រិយមិត្តបា្រកដជាបានជ្រាបរួចមកហើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បាននឹងកំពុងកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើខ្សែសង្វាក់ផលិតកម្មនៅក្នុងប្រទេសចិន ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ហើយបានប្តូរទិសដៅទៅផលិតនៅក្នុងប្រទេសឥណ្ឌាជំនួសវិញ។ ផ្អែកតាមរបាយការណ៍ផលិត និងនាំចេញកន្លងមកឃើញថា កំណើន Apple នៅក្នុងប្រទេសឥណ្ឌាហាក់រីកចម្រើនយ៉ាងឆាប់រហ័ស ទាំងនេះក៏ដោយសារតែ ការឧបត្ថម្ភធនក្នុងស្រុក កម្លាំងពលកម្មជំនាញ និងសមត្ថភាពបច្ចេកវិទ្យារបស់ប្រទេសនេះផងដែរ នេះបើតាមការលើកឡើងរបស់សារព័ត៌មាន Bloomberg។
ប្រភពដដែលនេះបានឱ្យដឹងទៀតថា ការនាំចេញប្រចាំឆ្នាំ២០២៤ របស់ Apple នឹងកើនឡើងបន្ថែមទៀតឈានដល់ ១០ពាន់លានដុល្លារឯណោះ។
គួរជម្រាបថា ទីផ្សារឥណ្ឌាកំពុងក្លាយជាទីចាប់អារម្មណ៍របស់ក្រុមហ៊ុនផលិតស្មាតហ្វូនធំៗជាច្រើន មិនត្រឹមតែប៉ុណ្ណោះក៏ជាទីផ្សារដ៏ធំបំផុតដែលគ្រប់គ្រងដោយម៉ាកយីហោចិនដូចជា Xiaomi, Oppo និង Vivo ខណៈ iPhone មានត្រឹមតែជាង ៧ភាគរយនៃការលក់ស្មាតហ្វូននៅទីនោះ៕