(ភ្នំពេញ)៖ ក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ​(១/៤ផ្ដាច់ព្រ័ត្រ) នៃការប្រកួតជើងឯកក្លិបបាល់ទាត់លំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League 2024/25 ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះម៉ុងហ្គោលី SP Falcons ដោយលទ្ធផល ២-១ នៅរសៀលថ្ងៃទី៣០ ខែតុលា នៅកីឡដ្ឋាន MFF Stadium Ulaanbaatar

ការប្រកួតក្រោមអាកាសធាតុដ៏ត្រជាក់(8°C) ។

ព្រះខ័នរាជស្វាយរៀង ធ្វើបានយ៉ាងល្អ ដោយវគ្គទី១ បានបើកការនាំមុខក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន តាមរយៈការទាត់បាល់ពិន័យ ១១ម៉ែត្រពីខ្សែប្រយុទ្ធប្រេស៊ីល Pablo De Carvalho ក្រោយការបង្កកំហុសពីសំណាក់ខ្សែការពារក្រុម SP Falcons នៅក្នុងប្រអប់គ្រោះថ្នាក់ មុនកីឡាករ Musatkin រកបានគ្រាប់តាមស្មើឲ្យក្រុមម្ចាស់ផ្ទះវិញ នៅនាទី៦៧ ។

នៅសល់ជាង ២០នាទីចុងក្រោយ ក្រុមទាំងពីរ បានបង្កើនការវាយសម្រុកគ្នាកាន់តែខ្លាំង ពិសេសក្រុមជើងឯកលីគកំពូលកម្ពុជា ដែលព្យាយាមគ្រប់គ្រងបាល់ និងបង្កើនឱកាស រហូតដល់នាទី៨០ បន្ទាប់ពីខ្សែការពារ SP Falcons បង្កកំហុសលើកីឡាករ Cristian Dos Santos នាំឲ្យខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ មានឱកាសទាត់បាល់ពិន័យ ១១ម៉ែត្រ ជួយឲ្យព្រះខ័នរាជស្វាយរៀង នាំមុខជាថ្មី ២-១ ហើយក៏បានរក្សាលទ្ធផលនេះ ដល់ចប់ការប្រកួតពេញម៉ោង ។

ជ័យជម្នះលើក្រុមម្ចាស់ផ្ទះ SP Falcons នេះ ធ្វើឲ្យក្រុមព្រះខ័នរាជស្វាយរៀង ទទួលបានកៅអីវគ្គ ៨ក្រុមចុងក្រោយ ដោយស្វ័យប្រវត្តិ ទោះបីពួកគេនៅសល់ ១ប្រកួតទៀតក្ដី ពោលគឺត្រូវជួបក្រុមរួមតំបន់ Madura United របស់ឥណ្ឌូនេស៊ី នាថ្ងៃទី២ ខែវិច្ឆិកាខាងមុខ ។ ការប្រកួតបញ្ចប់ពូលនេះ ក៏ជាការប្រកួតដើម្បីកំណត់ជោគវាសនាបេក្ខភាព ១ក្រុមទៀត ក្នុងពូលE រវាងក្រុម SP Falcons និង Madura United ដែលកំពុងកាន់ ១ពិន្ទុក្នុងដៃ តើក្រុមណាមួយនឹងបានឡើងទៅវគ្គបន្ដ ជាមួយព្រះខ័នរាជស្វាយរៀងផងដែរ ៕