(សៀមរាប)៖ ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» លើកទី២ រយៈពេល២ថ្ងៃ លើទឹកដីអង្គរ ដែលបានប្រារព្ធឡើងជាប្រវត្តិសាស្ត្របង្ហាញពីវប្បធម៌ អរិយធម៌ និងផ្ទាំងទស្សនីយភាពជាច្រើននោះ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ និងបានការគាំទ្រទាំង​ភ្ញៀវ​ជាតិ និងអន្តរជាតិ ដោយពួកគេបានចំណាយពេលវេលាចូលរួមលេងកម្សាន្តសប្បាយយ៉ាងច្រើនកុះករ និងប្រកបដោយស្នាមញញឹមគ្រប់ៗគ្នា។​

ផ្តើមចេញពីភាពជោគជ័យ និង​​ការគាំទ្រយ៉ាង​ពេញ​ទំហឹងពីគ្រប់មជ្ឈដ្ឋាន​ទាំង​ភ្ញៀវ​ជាតិ និងអន្តរជាតិ នៅក្នុងព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី១ ដែលសមាគមសិល្បករខ្មែរ បានរៀបចំឡើងកាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ក្រោមការជួយជ្រោមជ្រែង​ និងយក​ចិត្ត​ទុក​ដាក់​បំផុត​​ពីលោកស្រីបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទាំង​ធន​ធានមនុស្ស ឧបករណ៍បរិក្ខាផ្សេងៗ និង​​ទស្សនទានល្អៗ ទើបញ៉ាំង​ឱ្យ​មានព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី២ លេចរូបរាងឡើងជាថ្មី​នាពេល​នេះ។​

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងថា ​​ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី២នេះ ត្រូវបានរៀបចំឡើងកាន់តែ​ធំជាងមុន និងអស្ចារ្យជាងមុន តាមរយៈការចង្អុល​បង្ហាញដោយ​ផ្ទាល់ពី ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ និង សហការរៀប​ចំ​ដោយ​​​​រដ្ឋបាលខេត្តសៀមរាប ហើយក៏​មាន​ការសហការ​ឧបត្ថម្ភ​គាំទ្រពីក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និង អាជ្ញាធរអប្សរា។ ក្នុងនោះក៏​មានការឧបត្ថម្ភធំពី ក្រុមហ៊ុន ជីប ម៉ុង គ្រុប និងក្រុម​ហ៊ុនដៃគូ​សហការជាច្រើន​ទៀតផងដែរ។

លោកជំទាវអ្នកឧកញ៉ា បានបន្ថែមថា​ ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី២នេះ ក៏​ត្រូវបានសហការរៀបចំ​ឡើងក្នុងគោលបំណងធំៗពីរ គឺទី១ ដើម្បីអបអរសាទរខួបទី២០ឆ្នាំនៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាជាអម្ចាស់​ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ ចំណែកទី២ព្រឹត្តិការណ៍​នេះ ក៏ប្រារព្ធឡើងក្នុងគោលបំណង​រួមគ្នាជំរុញការផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ អរិយធម៌​ដ៏ល្អផូរផង់របស់ខ្មែរ និង​បង្ហាញពី​សក្តានុពល​វិស័យទេសចរណ៍នៅកម្ពុជា ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ពិសេសទៅ​កាន់ពិភពលោកទាំងមូល ដើម្បីជាការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជ​រដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យ​វែងឆ្ងាយ​រ​បស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពោលគឺ​រួមគ្នា​សម្រេចឱ្យ​បាននូវ​គោលដៅយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងឈានទៅសម្រេច​ឱ្យ​បាន ចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ព្រឹត្តិការណ៍​ ស្នាមញញឹមនៃកម្ពុជា លើកទី២នេះ នៅព្រឹកថ្ងៃទី២៩ ខែ​តុលា គឺជា​​ពិធីបើកព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី២ ជាផ្លូវការណ៍​នៅមុខប្រាសាទអង្គរវត្ត​ ដោយមានការសម្តែង​សិល្បៈ​ផ្សេងៗ អមជាមួយ​នឹង​ការតាំងពិព័រណ៌សិល្បៈ​វប្បធម៌​​ចម្រុះ​ផងដែរ។ រីឯ​នៅពេលរសៀល គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យនៃ​ទស្សនីយភាពការដង្ហែក្បួនព្រះមហាក្សត្រខ្មែរនាសម័យអង្គរ និងការសម្តែងរបាំបុរាណខ្មែរ​ជាច្រើន​ទម្រង់ ដោយក្នុង​នោះ​មានសិល្បករ-សិល្បការិនីល្បីៗ​ប្រមាណ៥០០​នាក់​បានស្ម័គ្រចិត្តចូលរួម​សម្តែងយ៉ាងរស់រវើក។

លោកជំទាវអ្នកឧកញ៉ា បានបញ្ជាក់បន្ថែមថា ដោយឡែក​នៅថ្ងៃទី៣០ ខែតុលានេះ កម្មវិធី ស្នាមញញឹមនៃកម្ពុជា ដែល​ក្នុងនោះ​មានកម្មវិធី ​រៀប​ចំ​ពិព័រណ៌​ភ្លក្ស​ម្ហូប​អាហារ ​​នំចំណី ផ្លែឈើ និង​ភេសជ្ជៈ​បែប​ខ្មែរ​ មាន​ការ​ប្រគំ​​តន្ត្រី​ខា្នតតូច ការសម្តែង​​ផ្ទាំង​ទស្សនីយ​ភាពល្បែង របាំ ​សិល្បៈ​ផ្សេង​ៗ​​ជា​ច្រើន​ទម្រង់ អម​ដោយ​ការ​អត្ថាធិប្បាយ​ពី​ពិធីករ​-ពិធីការិនី​ល្បីៗ ដើម្បី​ជា​កិច្ច​ស្វាគមន៍ ​និងផ្តល់​ភាព​សប្បាយ​រីករាយ​ជូន​​ភ្ញៀវ​ទេសចរជាតិ និង​អន្តរជាតិ។

ដូច្នេះការប្រមូលផ្តុំ ជួបជុំគ្នារៀបចំព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី២ នៅខេត្តសៀម​រាប គឺជាកិច្ចខិតខំរួមគ្នា​ទាំង​វិស័យ​រដ្ឋ និង​ឯក​ជន ដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាពលើគ្រប់វិស័យ​របស់កម្ពុជា មិនត្រឹមតែសិល្បៈ​វប្បធម៌​ប៉ុណ្ណោះ​ទេ ពោលគឺរួមគ្នាកសាងទំនុកចិត្ត កេរ្តិ៍ឈ្មោះកម្ពុជា (Image) និងបន្សាបនូវព័ត៌មានអវិជ្ជមាន និងគំនិត​អគតិ​មួយ​ចំនួន​ពី​កម្ពុជា ទាំងលើឆាកជាតិ និងអន្តរជាតិ៕