(មេនឆេស្ទើ)៖ លោក Ruud van Nistelrooy ដែលទើបត្រូវបានតែងតាំងដឹកនាំ Manchester United នាដើមសប្តាហ៍នេះរួចមក បានដឹកនាំក្រុមបិសាចក្រហមឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ League Cup (Carabao Cup) ដោយត្រូវប៉ះជើងខ្លាំងក្នុងលីគ Tottenham Hotspur ផងដែរ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា នេះគឺជាជ័យជម្នះក្នុងការដឹកនាំ Man Utd ពី ១ប្រកួតដំបូងដូចគ្នា ដោយបានទម្លាក់គូប្រជែង Leicester City ៥-២ នៅកីឡដ្ឋាន Old Trafford នៃវគ្គ ១៦ក្រុមចុងក្រោយ ដ្បិតគូប្រជែង Spurs ក៏បានយកឈ្នះជើងឯកលីគ Manchester City ដើម្បីឡើងវគ្គបន្តដែរ។

មែនទែនទៅ Man Utd ជាក្រុមដែលឈ្នះជើងឯក League Cup បាន ៦លើក និងចុងក្រោយក្នុងឆ្នាំ២០២៣ ស្ថិតក្រោមការដឹកនាំដោយលោក Erik ten Hag ស្របពេលក្រុមការពារតំណែងជើងឯកចាស់ Liverpool ត្រូវទៅផ្ទះរបស់ Southampton, Arsenal ប៉ះ Crystal Palace ហើយ Brentford ជួបសារិកាព្រៃ Newcastle United ពីក្នុងវគ្គ ១/៤។

គួរបញ្ជាក់ផងថា វាជាលើកដំបូងផងដែរក្នុងរយៈពេល ១៤ឆ្នាំចុងក្រោយនេះ ដែលពាន League Cup ពុំមានក្រុមមកពីលីគផ្សេង ក្រៅពីក្រុមនៅ Premier League ឈានមកដល់វគ្គ ៨ក្រុមចុងក្រោយ នៅពេលការប្រកួតនឹងធ្វើឡើងនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ជាបន្ត៕