(បរទេស)៖ យោងតាមសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធសប្តាហ៍នេះបានឱ្យដឹងថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់​ Suzuki Motor នៅក្នុងប្រទេសឥណ្ឌា នឹងផ្គត់ផ្គង់រថយន្តអគ្គិសនី (EV) ជាលើកដំបូងបង្អស់របស់ខ្លួនទៅកាន់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី៣០​ ខែតុលា ឆ្នាំ២០២៤។

ជាក់ស្តែងក្រុមហ៊ុន​ជប៉ុន Suzuki Motor និង Toyota Motor បានសហការគ្នាចាប់តាំងពីឆ្នាំ២០១៧ មកម្លេះ ដោយបានចុះហត្ថលេខលើអនុស្សរណៈនៃការយោគគ្នាសម្រាប់សម្ព័ន្ធភាពអាជីវកម្ម។ ប្រកាសនេះ គឺបង្ហាញពីភាពជាដៃគូថ្មីរវាងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Suzuki នៅក្នុងប្រទេសឥណ្ឌា​គឺ Maruti Suzuki និងក្រុមហ៊ុនជប៉ុន Toyota ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ប្រទេសឥណ្ឌា។

ក្រុមហ៊ុនទាំងពីរ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធសប្តាហ៍នេះថា Maruti Suzuki នឹងចាប់ផ្តើមផលិតរថយន្តអគ្កិសនី (EV) លើកដំបូងរបស់ខ្លួនសម្រាប់ Toyota Motor ដែលចាប់ផ្តើមនៅនិទាឃរដូវឆ្នាំ២០២៥​ ខាងមុខនេះ នៅរោងចក្ររបស់ខ្លូនក្នុងរដ្ឋ Gujarat ប្រទេសឥណ្ឌា។ តាមរយៈភាពជាដៃគូនេះ ប្រធានក្រុមហ៊ុន Toyota លោក Koji Sato បានលើកឡើងថា «យើងចង់រៀនពីភាពខ្លាំងរបស់គ្នាទៅវិញទៅមក ការប្រកួតប្រជែង និងការខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀតដោយផ្អែកលើវិធីសាស្រ្តរៀងៗខ្លួន (ឬវិធីសាស្រ្តក្រុមហ៊ុនពីរបូកបញ្ចូលគ្នា)»

គួរជម្រាបថា រថយន្តអគ្គិសនីជំនាន់ដំបូងបង្អស់របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Suzuki និងចាប់ផ្តើមផ្គត់ផ្គង់​ទៅ Toyota ក្នុងឆ្នាំ២០២៦ ខាងមុខនេះ។ វានឹងចេញមកជាមួយនឹងរូបរាងពិសេសជាប្រភេទរថយន្តស្ព័រ មានថាមពលពិសេសរត់បានចម្ងាយ ៥០០គីឡូម៉ែត្រសម្រាប់ការសាកថ្មមួយពេញ។ ប្រសិនបើកិច្ចសហការផ្គត់ផ្គង់រថយន្តអគ្គិសនីនេះ ទទួលបានផ្លែផ្កាល្អ ក្រុមហ៊ុន Maruti Suzuki បង្ហើបថា គ្រោងនឹងបន្ថែមខ្សែសង្វាក់ផលិតកម្មទីបួនបន្ថែមទៀតនៅរោងចក្រ Gujarat ដែលមានសមត្ថភាពផលិត ២៥០,០០០គ្រឿងក្នុងមួយឆ្នាំសម្រាប់រថយន្តអគ្គិសនីសុទ្ធ៕