(បរទេស)៖ នាយកប្រតិបត្តិ​ (CEO) ក្រុមហ៊ុនផ្តល់សេវាកម្ម Cloud ដ៏ធំបំផុតមួយរបស់អាមេរិក​ Dropbox លោក Drew Houston បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះក្នុងកំណត់ត្រាមួយទៅកាន់បុគ្គលិកថា ក្រុមហ៊ុនកំពុងបញ្ឈប់បុគ្គលិកប្រហែល ២០ភាគរយនៅទូទាំងពិភពលោក ដែលស្មើនឹងបុគ្គលិកប្រមាណ ៥២៨នាក់។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី៣០​ ខែតុលា ឆ្នាំ២០២៤។

ប្រិយមិត្តភាគច្រើន ប្រាកដជាធ្លាប់បានស្គាល់ Dropbox ជាក់ជាមិនខាននោះទេ ដែលជាក្រុមហ៊ុនផ្តល់សេវាកម្ម​ Cloud និងមានឯកទេសរក្សាទុកនូវរាល់ទិន្នន័យ រួមមានដូចជា រូបភាព, វីដេអូ និង File ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីមួយនេះ បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាច ធ្វើការចែករំលែក File ទាំងអស់នោះ ទៅកាន់នរណាម្នាក់ បានយ៉ាងងាយស្រួល ថែមទៀតផង។

យ៉ាងណាមិញ ជុំវិញមូលហេតុនៃការបញ្ឈប់បុគ្គលិកជុំនេះ CEO ក្រុមហ៊ុន Dropbox បាននិយាយថា គឺដោយសារតែកំណើនសេដ្ឋកិច្ចយឺត ភាពតានតឹងផ្នែកសេដ្ឋកិច្ច និងតម្រូវការក្នុងការវិនិយោគធនធានកាន់តែច្រើន ព្រមទាំងប្តូរយុទ្ធសាស្រ្តឆ្ពោះទៅរកបញ្ញាសិប្បនិម្មិត AI។ នៅក្នុងកំណត់ត្រានោះ លោក Houston បានសរសេរថា Dropbox នឹងធ្វើការកាត់ផ្នែកខ្លះនៃអាជីវកម្មរបស់ខ្លួន ដែលក្រុមហ៊ុនបាន «វិនិយោគលើស ឬដំណើរការមិនសូវល្អ» ក្នុងគោលបំណងបង្កើតរចនាសម្ព័ន្ធ «ល្អជាង និងមានប្រសិទ្ធភាពជាងមុន»។

គួរជម្រាបថា នេះជាការបញ្ឈប់បុគ្គលិកជុំទី២ របស់ Dropbox បន្ទាប់ពីការបញ្ឈប់ប្រមាណ ១៦ភាគរយ ក្នុងខែមេសា ឆ្នាំ២០២៣ កន្លងទៅ ខណៈពេលនោះប៉ះពាល់ដល់បុគ្គលិកខ្ទង់ ៥០០នាក់។ តាមការបញ្ជាក់ សម្រាប់បុគ្គលិកដែលរងការបញ្ឈប់ក្នុងជុំនេះ Dropbox នឹងមិនឱ្យទៅវិញដោយដៃទទេនោះទេ ដោយក្រុមហ៊ុនផ្តល់ជាប្រាក់បៀវត្សរ៍សម្រាប់រយៈពេល ១៦សប្តាហ៍ ព្រមទាំងបន្ថែមប្រាក់ធ្វើការមួយសប្តាហ៍បន្ថែមទៀត ដោយរាប់លើចំនួនឆ្នាំដែលបានធ្វើការ។ នេះមានន័យថា បុគ្គលិកដែលធ្វើការមួយឆ្នាំ គឺបន្ថែមប្រាក់ធ្វើការមួយសប្តាហ៍ ហើយប្រសិនបើពួកគេធ្វើការយូរឆ្នាំ នឹងទទួលបានកាន់តែច្រើនជាងនេះ៕