(ភ្នំពេញ)៖ សាលកីឡាសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលរៀបចំដោយមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ ក្រោមអធិបតីភាពនាយឧត្តមសេសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡា ខ.ភ.ម តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលថ្មីខាងលើ ក្នុងចំណោមសមិទ្ធផលជាច្រើន ដែលក្រសួងការពារជាតិសម្រេចបាន ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងការគាំទ្រដ៏ពេញទំហឹងដោយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។ លោករំពឹងវត្តមានសមិទ្ធផលថ្មីនេះ នឹងជំរុញការអភិវឌ្ឍវិស័យកីឡា ខ.ភ.ម ពិសេសលើកកម្ពស់ប្រដាល់គុនខ្មែរកាន់តែល្បីល្បាញថែមទៀត។
លោកនាយឧត្តមសេនីយ៍មានប្រសាសន៍ថា «ខ្ញុំមានជំនឿយ៉ាងមុតមាំថា សមិទ្ធផលសាលកីឡាថ្មីដែលសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង អភិវឌ្ឍន៍រចនាសម្ព័ន្ធទាំងផ្នែកទន់-រឹង ពិសេសលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យកីឡាគុនខ្មែរ ក្នុងកងយោធពលខេមរភូមិន្ទ ដែលកំពុងមានការគាំទ្រយ៉ាងផុលផុសពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ និងលើកស្ទួយអភិវឌ្ឍន៍ប្រដាល់គុនខ្មែរ កាន់តែល្បីល្បាញលើឆាកអន្តរជាតិ នាពេលអនាគត។
មួយវិញទៀត សមិទ្ធផលនេះបានបញ្ជាក់ពីគោលជំហររបស់ក្រសួងការពារជាតិ ក្នុងការជម្រុញគាំទ្រអភិវឌ្ឍន៍វិស័យកីឡា ក្នុងកងយោធពលខេមរភូមិន្ទ ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយថាមពល និងទស្សនវិស័យទំនើប ជឿនលឿនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។
ទន្ទឹមជាមួយការសម្ពោធ «សាលកីឡាសម្ដេចពិជ័យសេនា ទៀ បាញ់» នេះដែរ ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ និងក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានផ្ដល់ការណែនាំមួយចំនួន ដល់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទុ រួមមាន៖
១.បន្តរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កីឡាក្នុងកងយោធពលខេមរភូមិន្ទ ដែលកំពុងមានសក្តានុពល និងគាំទ្រយ៉ាងផុលផុសពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ដូចជាកីឡាប្រដាល់គុនខ្មែរ ប្រកបដោយចក្ខុវិស័យគោលដៅជាយុទ្ធសាស្ត្ររយៈពេលវែងឲ្យបានច្បាស់លាស់ និងត្រូវមានយន្តការត្រួតពិនិត្យ វាយតម្លៃ ធានាប្រភពធនធានសមស្រប និងគ្រប់ជ្រុងជ្រោយ។
២.រៀបចំផែនការកម្មវិធីបណ្តុះបណ្តាល ហ្វឹកហ្វឺន គ្រូបង្វឹក មន្ត្រីបច្ចេកទេស កីឡាករ-កីឡាការិនី នៅក្នុង និងក្រៅប្រទេសប្រកបដោយគុណភាព គុណផលខ្ពស់ ស្របតាមបទប្បញ្ញត្តិកីឡាអន្តរជាតិ រួមចំណែកជាមួយកីឡាកម្រិតជម្រើសជាតិ ចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ ពិសេសការប្រកួតស៊ីហ្គេមឆ្នាំ២០២៥ នៅថៃ ស៊ីហ្គេមឆ្នាំ២០២៧ នៅម៉ាឡេស៊ី និងការធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីឆ្នាំ២០២៩ នៅកម្ពុជា។
៣.ពង្រឹងកិច្ចសហការ ភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា NOCC ដើម្បីជួយគាំទ្រអភិវឌ្ឍន៍វិស័យកីឡាគ្រប់ប្រភេទនៅក្នុងកងយោធពលខេមរភូមិន្ទ សំដៅពង្រឹង ពង្រីកសមត្ថភាព មន្ត្រីបច្ចេកទេស មន្ត្រីជំនាញ កីឡាករ-កីឡាការិនី ប្រកបដោយគុណភាព និងគុណផលកីឡា។
៤.បន្តសហការឱ្យបានជិតស្និទ្ធជាមួយវិស័យឯកជន ដែលបានចុះកិច្ចព្រមព្រៀងជាមួយមជ្ឈមណ្ឌល កីឡាកងយោធពលខេមរភូមិន្ទ និងបន្តកៀរគរសប្បុរសជនក្នុង និងក្រៅប្រទេស និងពង្រឹងកិច្ចសហប្រតិបត្តិ ការជាមួយបណ្តាប្រទេសជាដៃគូ ដើម្បីអភិវឌ្ឍន៍វិស័យកីឡាឱ្យកាន់តែរីកចម្រើនថែមទៀត ទាំងហេដ្ឋារចនា សម្ព័ន្ធ ឧបករណ៍ សម្ភារៈហ្វឹកហាត់ សំដៅលើកកម្ពស់សមត្ថភាព គុណភាព គុណផលកីឡាកងយោធពលខេមរភូមិន្ទ។
៥.បន្តយកចិត្តទុកដាក់ថែទាំ សាលកីឡាសម្តេចពិជ័យសេនា ទៀ បាញ់” រួមជាមួយឧបករណ៍ សម្ភារៈ បំពាក់ ហ្វឹកហាត់ផ្សេងៗទៀត ប្រើប្រាស់ឱ្យសមស្របតាមលក្ខណៈបច្ចេកទេស ។ ជម្រុញការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធដែលនៅសល់ ឱ្យបានរួចរាល់តាមផែនការដែលបានគ្រោងទុក។
យោងតាមរបាយការណ៍លោក ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡា ខ.ភ.ម បានបញ្ជាក់ថា សាលកីឡាសម្ដេចពិជ័យសេនា ទៀ បាញ់ បានដំណើរការជួសជុល និងសាងសង់ឡើងវិញ កាលពីចុងឆ្នាំ២០២៣ ក្រោមការឧបត្ថម្ភគាំទ្រថវិការបស់ក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ក្រៅពីនោះ មជ្ឈមណ្ឌលកីឡា ខ.ភ.ម ក៏បាននឹងកំពុងបន្ដយកចិត្តទុកដាក់ កសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀត រួមមានកន្លែងអង្គុយទស្សនាបាល់ទាត់ សាលរដ្ឋបាល ចំណតរថយន្ត ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត សម្រាប់រួមចំណែកដល់ការហ្វឹកហាត់ ការប្រកួត ពិសេសលើកកម្ពស់ការអភិវឌ្ឍវិស័យកីឡា ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកមុខមាត់ប្រទេសជាតិ លើឆាកអន្តរជាតិបន្ថែមទៀត ។
គួរដឹងថា កន្លងមកមជ្ឈមណ្ឌលកីឡា ខ.ភ.ម បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍកីឡាកម្រិតខ្ពស់ ចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ហើយដណ្ដើមបានមេដាយ និងពានជាច្រើនជូនជាតិមាតុភូមិ ពិសេសកំឡុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ក្រុមអត្តពលិក នៃមជ្ឈមណ្ដលកីឡា ខ.ភ.ម បានឈ្នះមេដាយសរុបចំនួន ១១១គ្រឿង ក្នុងនោះមានមេដាយមាស ៣៣ ប្រាក់ ២៥ និងសំរឹទ្ធ ៥៣គ្រឿងផងដែរ៕