(មេនឆេស្ទើ)៖ លោក Pep Guardiola អ្នកចាត់ការទូទៅក្លិប Manchester City បានលើកឡើងថា មេឃខៀវកំពុងជួប បញ្ហា ដោយមានកីឡាករ ១៣នាក់របួសជាបន្តបន្ទាប់នាពេលថ្មីៗនេះ។

ពីគេហទំព័រកីឡា BBC បានដកស្រង់សំដីបុរសសញ្ជាតិអេស្ប៉ាញខាងលើថា «ពួកយើងកំពុងមានបញ្ហាយ៉ាងប្រាកដ ដោយមានកីឡាករចំនួន ១៣នាក់របួស។ តួយ៉ាងក្រោយចប់ការប្រកួតយប់មិញ កីឡាករ ២នាក់បន្ថែមទៀត បានរងរបួស។ ខ្ញុំគិតថា ពួកយើងមានបញ្ហាហើយ ក៏ព្រោះតែក្នុងរយៈពេល ៩ឆ្នាំមកនេះ យើងមិនដែលជួបបញ្ហាកីឡាកររបួសច្រើនបែបនេះទេ»

Man City ដែលជាជើងឯកលីគ Premier League រដូវកាលមុន បានជ្រុះចេញពីពានរង្វាន់លំដាប់ទី៣ អង់គ្លេស League នាយប់មិញនេះ តាមរយៈចាញ់ម្ចាស់ផ្ទះ Tottenham Hotspur ២-១ ត្រឹមវគ្គ ១៦ក្រុម ក្នុងប្រកួតដែលខ្សែការពារ Manuel Akanji ជួបបញ្ហារបួសក្រលៀន និងមិត្តរួមក្រុម Savinho ត្រូវបានសែងចេញពីទីលានផងដែរ ក្រោយរបួសកជើងជាទម្ងន់។

នេះមានន័យថា City បានបាត់បង់កីឡាករដល់ទៅ ១៣នាក់ ដែលត្រូវសម្រាកព្យាបាលរបួស ដោយភាគច្រើនសុទ្ធសឹងកីឡាករស្ថិតក្នុងជម្រើសទី១ ថែមទៀតមានដូចខាងក្រោម៖
ខ្សែការពារ៖ Nathan Ake, Ruben Dias, Josko Gvardiol, Rico Lewis, John Stones និង Josh Wilson-Esbrand។

ខ្សែបម្រើ៖ Phil Foden, Ilkay Gundogan, Mateo Kovacic, James McAtee, Matheus Nunes និង Bernado Silva។
ខ្សែប្រយុទ្ធ៖ Erling Haaland៕