(ភ្នំពេញ)៖ ជាថ្មីម្តងទៀត ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលដឹកនាំដោយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ បន្តបង្ហាញឆន្ទៈខ្ពស់គាំទ្រវិស័យកីឡាដោយបានចូលរួមឧបត្ថម្ភកម្មវិធីកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ព្រមទាំងបានចូលរួមរត់ក្នុងពិធីរត់ភ្លើងគប់នៅតាមបណ្តាខេត្តក្រុងមួយចំនួន រហូតដល់ថ្ងៃពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ដែលបានធ្វើឡើងនាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាមួយទស្សនីយភាពសិល្បៈដ៏សម្បូរបែប អ្នកចូលរួមអបអរសាទរយ៉ាងច្រើនកុះករ។

វិស័យកីឡាកម្ពុជារីកចម្រើនបាន ទាមទារការចូលរួមជាច្រើនរួមមានទាំងស្ថាប័នរដ្ឋ វិស័យឯកជន ព្រមទាំងអ្នកគាំទ្រ។ ក្រោមពាក្យស្លោក “ស្មារតីខ្មែរតែ១” របស់ វឌ្ឍនៈ ប៊្រូវើរី ក៏ដូច ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកផលិតនូវភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជា ភេសជ្ជៈកីឡា វី អាកទីវ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តចូលរួមលើកស្ទួយវិស័យកីឡាជាតិយ៉ាងសកម្មតាមរយៈការឧបត្ថម្ភគាំទ្រជាច្រើនដូចជា ឧបត្ថម្ភសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, ខេមបូឌាន ព្រីមៀរលីក, ក្លឹបកីឡាបាល់ទាត់, កីឡាប្រដាល់, កីឡាជាតិលើកទី៣, ឧបត្ថម្ភព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏ដូចជាវិស័យអប់រំ វីស័យសិល្បៈ សុខមាលភាពសង្គម និងសកម្មភាពជាច្រើនទៀតទាំងថ្នាក់មូលដ្ឋាន, ថ្នាក់ជាតិ និងអន្តរជាតិ។

ការគាំទ្រយ៉ាងសកម្មរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ចំពោះព្រឹត្តិការណ៍កីឡាជាច្រើន បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះកីឡាជាតិ និងបង្កើតឱកាសសម្រាប់អត្តពលិកវ័យក្មេងបង្ហាញសមត្ថភាព និងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់វិស័យកីឡានៅកម្ពុជាទៅកាន់ឆាកអន្តរជាតិ ជាមួយមោទនភាពជាតិ ដោយ វឌ្ឍនៈ ប្រ៊ូវើរី ជឿជាក់ថាការវិនិយោគលើកីឡា គឺជាការវិនិយោគលើអនាគតរបស់យុវជន និងប្រទេសជាតិទាំងមូល។

នេះជាបេសកកម្មរយៈពេលវែងដែលទាមទារការចូលរួមពីពួកយើងទាំងអស់គ្នាដើម្បីឲ្យកីឡារបស់កម្ពុជាមាននិរន្តរភាព និងរីកចម្រើនឈានទៅមុខ។ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នឹងនៅតែបន្តចូលរួមគាំទ្រវិស័យកីឡារបស់ប្រទេសកម្ពុជា ដោយបានឧបត្ថម្ភព្រឹត្តិការណ៍កីឡាជាតិដ៏សំខាន់នេះក្នុងគោលបំណងបន្តបណ្តុះបណ្តាលសមត្ថភាពកីឡាករវ័យក្មេងដែលជាទំពាំងស្នងឫស្សីរបស់យើង និងចូលរួមជំរុញឲ្យយុវជនកម្ពុជាស្រឡាញ់កីឡា និងសុខភាព៕