(បរទេស)៖ តាមការចេញផ្សាយដោយគេហទំព័រ Huawei Central បានឲ្យដឹងថា ក្រុមហ៊ុន Huawei កំពុងដើរឆ្ពោះទៅមុខក្នុងទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិន ដោយសម្រេចការលក់បានចំនួនដ៏ច្រើនរហូតដល់ ១០.៨ លានគ្រឿងនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ។ ក្រុមហ៊ុននេះ​ ត្រូវបានគេមើលឃើញថា កំពុងតែមានភាពរលូនក្នុងអាជីវកម្មរបស់ខ្លួន ដោយយកឈ្នះគូប្រជែងជាច្រើន និងទទួលបានចំណែកទីផ្សារដ៏ច្រើនផងដែរ។

របាយការណ៍ស្មាតហ្វូនពី Canalys បង្ហាញថាក្រុមហ៊ុន Huawei បានលក់ស្មាតហ្វូនអស់១០.៨ លានគ្រឿងនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ហើយទទួលបានចំណាត់ថ្នាក់ទីពីរជាមួយនឹងចំណែកទីផ្សារ ១៦% ។ បើប្រៀបធៀបកាលពីឆ្នាំមុន ក្នុងរយៈពេលដូចគ្នានេះ ក្រុមហ៊ុនបានលក់ស្មាតហ្វូនអស់ចំនួន ៨.៧ លានគ្រឿង ដោយដណ្តើមបាន ១៣% នៃចំណែកទីផ្សារ។ សមិទ្ធិផលទាំងនេះ បានធ្វើឲ្យក្រុមហ៊ុនមានអត្រាកំណើនប្រចាំឆ្នាំរហូតដល់២៤%។ កត្តាជោគជ័យនេះ ត្រូវបានគេមើលឃើញថា ដោយសារតែការប្រកាសចេញ Mate XT ដែលជាស្មាតហ្វូនអេក្រង់បត់បាន ៣តង់ដំបូងបំផុតនៅលើពិភពលោក ហើយក៏នឹងក្លាយជាម៉ូដែលមួយ ដែលជួយជុំរុញឲ្យមានកំណើននៃការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ផងដែរ។

តាមអ្នកវិភាគល្បីគឺលោក Lucas Zhong របស់ស្ថាប័ន Canalys Research បានឲ្យដឹងថា ស្មាតហ្វូនអេក្រង់បត់បាន  Mate XT Ultimate ដែលបានប្រកាសចេញកាលពីខែកញ្ញាកន្លងទៅនេះ បានក្លាយជាប្រធានបទពិភាក្សាដ៏សំខាន់មួយសម្រាប់អេក្រង់បត់ និងជារបត់ថ្មីរបស់ក្រុមហ៊ុននេះ សម្រាប់ការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Mate series ផងដែរ៕