(ឡុងដ៏)៖ គ្រូបង្វឹកបណ្តោះអាសន្ន នឹងជាអតីតកីឡាករឆ្នើមរបស់ Manchester United លោក Ruud van Nistelrooy បានលើកឡើងថា លោកដឹងយ៉ាងច្បាស់ថាការឈរជាអ្នកចាត់ការក្រុមបណ្តោះអាសន្ននៅក្លិបបិសាចក្រហម អាចមានរយៈពេលខ្លី ក៏ប៉ុន្តែបុរសសញ្ជាតិហូឡង់រូបនេះ មានក្តីរំពឹងថាអាចនៅតែជាអ្នកទទួលខុសត្រូវដឹងនាំក្រុមប្រកួតក្នុងលីគប៉ះ Chelsea នៅចុងសប្តាហ៍នេះ ។
រំលឹកផងថា លោក Ruud van Nistelrooy បានឡើងកាន់តួនាទីគ្រូបណ្តោះអាសន្ននេះ ក្រោយពេលក្លិបបានសម្រេចបណ្តេញលោក Erik Ten Hag ចេញពីតំណែងគ្រូបង្វឹក ខណៈការដឹកនាំមួយប្រកួតដំបូងរបស់ van Nistelrooy គឺយកឈ្នះក្រុម Leicester City ៥-២ ក្នុងពាន League Cup ។
សម្រាប់តំណែងគ្រូថ្មីរបស់ក្លិបបិសាចក្រហម គឺកំពុងតែត្រូវបានគេរំពឹងថា គ្រូបង្វឹកក្រុម Sporting លោក Ruben Amorim ក្លាយជាបុគ្គលឆ្នើមដែលមកចូលកាន់តួនាទីនេះ ខណៈអ្នកចាត់ការរូបនេះបាននិយាយថា «នឹងមានការបញ្ជាក់ ជុំវិញការផ្លាស់ប្តូរដែលមានការរំពឹងទុក ចំពោះក្លិប Manchester United បន្ទាប់ពីការប្រកួតរបស់ក្លិប Sporting ជាមួយ Estrela នៅថ្ងៃសុក្រ» ។
ដ្បិតលោក Van Nistelrooy ដែលមានវ័យ ៤៨ឆ្នាំ ជាមួយការទទួលបន្ទុកការងារថ្មីរបស់គាត់នេះ គឺមានរយៈពេលខ្លី ហើយលោកគ្រោងនឹងត្រលប់ទៅតួនាទីពីមុនវិញ នៅពេលណាអ្នកគ្រប់គ្រងថ្មីត្រូវបានតែងតាំង ខណៈប្រកួតក្នុងលីគ Premier League ក្លិបបិសាចក្រហម ឈរលេខរៀងទី១៤ ហើយគូប្រជែង Chelsea ឈរនៅលេខ៥ ៕