(បរទេស)៖ Amazon បានប្រកាសថា ប្រាក់ចំណូលនៅក្នុងអង្គភាព Cloud របស់ខ្លួនបានកើនឡើង ១៩% នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤នេះ ដែលធ្វើឲ្យប្រាក់ចំណេញកើនឡើង៥ត្រីមាសជាប់ៗគ្នា។ តាមសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍កន្លងទៅនេះបានបង្ហាញថា ប្រាក់ចំណូលនៅ Amazon Web Services (AWS) មានចំនួនសរុប ២៧.៤៥ពាន់លានដុល្លារ ខណៈដែល Wall Street រំពឹងថានឹងមានចំនួន ២៧.៥២ពាន់លានដុល្លារ ដោយផ្អែកលើការប៉ាន់ស្មាន StreetAccount ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ផ្នែកបញ្ញាសិប្បនិមិត្ត AI នៅក្នុង AWS គឺគិតជាទឹកប្រាក់មានតម្លៃរាប់ពាន់លានដុល្លារក្នុងប្រាក់ចំណូលប្រចាំឆ្នាំ ដែលច្រើនជាងទ្វេដងពីមួយឆ្នាំទៅមួយឆ្នាំ។ នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Andy Jassy បាននិយាយថា «ខ្ញុំជឿថាយើងមានតម្រូវការច្រើនជាងអ្វីដែលយើងអាចបំពេញបាន ប្រសិនបើយើងមានសមត្ថភាពច្រើនជាងថ្ងៃនេះ។ ខ្ញុំគិតថា គ្រប់គ្នានាពេលបច្ចុប្បន្ននេះ មានសមត្ថភាពតិចជាងអ្វីដែលមនុស្សកំពុងមានតម្រូវការ...»។ ប្រការនេះ បានធ្វើឲ្យអង្គភាព AWS នាំមុខគេលើទីផ្សារ Cloud បើធៀបនឹង សេវាកម្មរបស់ Google និង Microsoft ហើយក៏ជាប្រភពប្រាក់ចំណេញដ៏សំខាន់សម្រាប់ Amazon ផងដែរ។

ក្រោយទទួលបានប្រាក់ចំណេញកើនឡើងគួរឲ្យកត់សម្គាល់បែបនេះ AWS ក៏បានប្រកាសពីផែនការដើម្បីបញ្ឈប់សេវាកម្មមួយចំនួន រួមទាំងឧបករណ៍, CodeCommit ជាដើម ខណៈអ្នកវិភាគក៏ធ្លាប់និយាយថា AWS «មិនអាចវិនិយោគលើអ្វីគ្រប់យ៉ាងបានទេ»៕