(ភ្នំពេញ)៖ កីឡាការ៉ាតេ បានចាប់ផ្ដើមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ ហើយ ដោយមានគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ១២៨នាក់ មកពី ៧រាជធានី-ខេត្ត និង ៣ក្រសួង នៅមជ្ឈមណ្ឌលជាតិហ្វឹកហាត់កីឡាការ៉ាតេ (RUPP) ។
ថ្លែងក្នុងពិធីបើកការប្រកួតកីឡាការ៉ាតេ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកានេះ លោក សាមីឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ ដែលបានចូលរួមព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ហើយសង្ឃឹមថា ការប្រកួតនេះ នឹងប្រព្រឹត្តទៅដោយជោគជ័យប្រកបដោយតម្លាភាព ស្អាតស្អំ និងយុត្តិធម៌ ។
ឆ្លៀតឱកាសនោះ លោកក៏បានរំឮកនូវប្រសាសន៍លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធ ដែលបានថ្លែងក្នុងមហាសន្និបាត កាលពីថ្មីៗ ដើម្បីទិសដៅអានគត នៃការលូតលាស់កីឡាការ៉ាតេកម្ពុជា ភាគីពាក់ព័ន្ធទាំងអស់ ត្រូវផ្ដោតការយកចិត្តទុកដាក់លើចំណុចគន្លឹះ ៣សំខាន់ៗ ១-ការលើកកម្ពស់ «ចលនាការ៉ាតេ ដើម្បីទាំងអស់គ្នា» ២-ការអភិវឌ្ឍបច្ចេកទេសជំនាញ និង ៣-ការកៀគរចំណូលបន្ថែមសម្រាប់ «មូលនិធិការ៉ាតេ» ដើម្បីត្រៀមលក្ខណៈចូលរួមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ផងដែរ ។
គួរដឹងថា ការប្រកួតកីឡាការ៉ាតេ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ចាប់ផ្ដើមការប្រកួពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ៕