(បរទេស)៖ អ្នកវិភាគដ៏ល្បីល្បាញលោក Ming-Chi Kuo បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple គ្រោងនឹងប្រើប្រាស់បន្ទះឈីប Wi-Fi 7 ដែលផលិតឡើងដោយខ្លួនឯងផ្ទាល់នៅក្នុង iPhone 17 នៅឆ្នាំ២០២៥ ខាងមុខនេះ។ ប្រកាសនេះ បង្ហាញពីការផ្លាស់ប្តូរបន្ទះឈីបជាលើកដំបូង ខណៈដែលវានឹងមកជំនួសបន្ទះឈីបរបស់ Broadcom ដែល Apple បច្ចុប្បន្នប្រើសម្រាប់ Wi-Fi និង Bluetooth។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។
យ៉ាងណាមិញ ជុំវិញព័ត៌មានលម្អិតអំពីការប្តូរទៅប្រើបន្ទះឈីបនៅក្នុងផ្ទះផ្ទាល់ខ្លួននេះ ក្រុមហ៊ុនយក្ស Apple នៅមិនទាន់បង្ហាញជាសាធារណៈនៅឡើយនោះទេ។ តែបើតាមដំណឹងលេចធ្លាយពីលោក Kuo បានបង្ហើបឱ្យដឹងថា បន្ទះឈីប Wi-Fi 7 របស់ Apple នឹងត្រូវបានបង្កើតឡើងដោយប្រើដំណើរការ 7nm (ណាណូម៉ែត្រ) របស់ TSMC ហើយគេរំពឹងថា ពេលដែល iPhone 17 ចេញលក់ជាផ្លូវការវានឹងអាចមានសមត្ថភាពខ្លាំងជាងបើធៀបនឹង iPhone ជំនាន់មុនៗ។
ជាក់ស្តែង Apple មានបំណងផ្លាស់ប្តូរទៅប្រើបន្ទះឈីបដែលផលិតដោយខ្លួនឯងផ្ទាល់នេះយូរមកហើយ ពោលគឺចាប់តាំងពីជំនាន់ iPhone 15 មកម្លេះ ប៉ុន្តែដោយកត្តាមិនអំណោយផលមួយចំនួនទើបត្រូវពន្យាពេលជាបន្តបន្ទាប់។ យ៉ាងណា ប្រសិនបើដំណឹងលេចធ្លាយនេះក្លាយជាការពិតនោះ Apple ទំនងជាអាចប្តូរទៅប្រើបន្ទះឈីបក្នុងផ្ទះទាំងអស់តែម្តងចាប់ពី iPhone ជំនាន់ក្រោយ iPhone 17 តទៅ ហើយបើតាមការរំពឹងទុកយ៉ាងយូរ ៣ឆ្នាំ។ ទាំងនេះក៏ដោយសារតែ Apple ចង់កាត់បន្ថយការចំណាយលើការផ្គត់ផ្គង់ខ្ពស់ ហើយការផលិតបន្ទះឈីបខ្លួនឯង និងទទួលបានប្រាក់ចំណេញកាន់តែច្រើន។
គួរជម្រាបថា Apple ក៏កំពុងធ្វើការលើបន្ទះឈីប 5G ផ្ទាល់ខ្លួនផងដែរ ខណៈដែលបន្ទះឈីបទាំងពីរនេះ (បន្ទះឈីបWi-Fi និង បន្ទះឈីប 5G) គឺដាច់ដោយឡែកពីកគ្នា ហើយនឹងត្រូវបានបង្កើតឡើងដោយប្រើបច្ចេកវិទ្យាដំណើរការ TSMC ផ្សេងគ្នាផងដែរ។ បន្ទះឈីប 5G ក៏អាចនឹងចាប់ផ្តើមប្រើប្រាស់ចាប់ពីឆ្នាំក្រោយនេះទៅផងដែរ៕