(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា បានប្រកាសបើកសាខាថ្មីទី២៦៥ ដែលស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលចាប់ដំណើរការពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះតទៅ។

នាឱកាសនេះដែរ លោកស្រី សុខ សោភា គណៈប្រធាននាយិកាប្រតិបត្ដិប្រតិបត្ដិការ បានថ្លែងថា ការពង្រីកប្រតិបត្តិការសាខាថ្មីនេះ ឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្តរបស់ ធនាគារ អេស៊ីលីដា ក្នុងការនាំយកផលិតផលនិងសេវាកម្មធនាគារប្រកបដោយនវានុវត្តន៍និងសុវត្ថិភាពខ្ពស់ ទៅដល់អតិថិជននិងសាធារណជននៅគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍។

សាខាធនាគារ អេស៊ីលីដា ថ្មីទី២៦៥នេះ មានទីតាំងនៅផ្លូវជាតិលេខ៥៥ ភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ស្រុកវាលវែង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្លាយជាទីប្រជុំជននិងតំបន់ទេសចរណ៍ធម្មជាតិដ៏មមាញឹក និងពេញនិយមសម្រាប់ទាំងភ្ញៀវជាតិ ទាំងអន្តរជាតិ។

វត្តមានរបស់ ធនាគារ អេស៊ីលីដា នឹងជួយជំរុញកំណើនសេដ្ឋកិច្ចសហគមន៍និងអាជីវកម្មតូចធំនៅទីនោះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការបំពេញតម្រូវការ សេវាកម្មហិរញ្ញវត្ថុគ្រប់ប្រភេទរួមទាំង សេវាធនាគារឌីជីថល ដែលបម្រើជូន ២៤ម៉ោង លើ២៤ម៉ោង។

គួរកត់សម្គាល់ថា ធនាគារ អេស៊ីលីដា មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៤ គឺសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា, ធនាគារ អេស៊ីលីដា ឡាវ, និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។

គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៤នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,០៨ប៊ីលានដុល្លារអាមេរិក, ប្រាក់បញ្ញើសន្សំសរុបចំនួន ៧,៥៤ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,៦១លាននាក់ ។

ជាមួយគ្នានេះដែរ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្មសរុបច្រើងជាង ៤៧៣ពាន់ដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលសរុបចំនួន ៤លាន៤២ពាន់នាក់៕