(មេនឆេស្ទើ)៖ លោក Erik ten Hag អតីតអ្នកចាត់ការទូទៅ Manchester United បានជូនពរក្លិបនេះ ឈ្នះពានជាមួយគ្រូបង្វឹកថ្មី Ruben Amorim បន្ទាប់ពីរជ្ជកាលដឹកនាំរបស់លោកត្រូវបានបញ្ចប់កាលពីថ្ងៃចន្ទ ក្នុងថិរវេលា ២ឆ្នាំកន្លះ។
ពីគេហទំព័រកីឡា BBC បានដកស្រង់សំដីបុរសវ័យ ៥៤ឆ្នាំ សញ្ជាតិហូឡង់មកចេញផ្សាយថា «ខ្ញុំសូមជូន Manchester United ជោគជ័យ ជាពិសេសគឺឈ្នះពានជាច្រើនជាមួយគ្រូបង្វឹកថ្មី។ ការគាំទ្ររបស់អ្នកគ្រប់គ្នាកន្លងមក វាធ្វើឱ្យខ្ញុំមានអារម្មណ៍កក់ក្តៅប្រៀបដូចនៅផ្ទះ។ អរគុណគ្រប់យ៉ាងដែលបានចូលមកក្នុងជីវិតរបស់ខ្ញុំ»។
ការជូនពរពីសំណាក់លោក Ten Hag ក្រោយពេល Man Utd រកបានគ្រូបង្វឹកថ្មី និងប្រកាសតែងតាំងលោក Ruben Amorim ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេកាលពីរាត្រីថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ជាមួយនឹងកិច្ចសន្យាមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៧ ឯណោះ។
លោក Erik ten Hag ដែលត្រូវបានតែងតាំងដឹកនាំ Man Utd កាលឆ្នាំ២០២២ មកនោះ បានដឹកនាំក្រុមខ្លាំងប្រចាំទីក្រុង Manchester មួយនេះឈ្នះពាន ២ផងដែរ មុនពេលត្រូវបានដកតំណែង និងចាញ់ ២-១ ក្នុងផ្ទះ West Ham United ក្នុងលីគ Premier League គឺជាពេលចុងក្រោយរបស់លោក ដែលធ្វើការនៅកីឡដ្ឋាន Old Trafford៕